អភិបាលខេត្តបន្ទាយមានជ័យ ជម្រុញឲ្យអាជ្ញាធរមូលដ្ឋាន ខិតខំដោះស្រាយបញ្ហាប្រឈមរបស់ពល រដ្ឋឲ្យបានទាន់ពេលវេលា ក្នុងដំណាក់កាលនៃការរាតត្បាតជម្ងឺកូវីដ-19

បន្ទាយមានជ័យ៖ ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ចមន្ត្រីរាជការនៃរដ្ឋបាលស្រុកស្វាយចេក និងក្រុង សិរីសោភ័ណ នៅថ្ងៃទី25 ខែឧសភា ឆ្នាំ 2021 ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជម្រុញដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសមន្ត្រីដែលទើបតែងតាំងថ្មីត្រូវយកចិត្តទុកដាក់ លើសុខទុក្ខពលរដ្ឋ  ដើម្បីដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា ជាពិសេសក្នុងដំណាក់កាល នៃការរាតត្បាតជម្ងឺកូវីដ-19។

ឯកឧត្តម  អ៊ុ  រាត្រី  ក៏បានមានប្រសាសន៍ជម្រុញដល់ថ្នាក់ដឹកនាំក្រុង-ស្រុក  ក៏ដូចជាមន្ត្រីដែល ត្រូវបានតែងតាំងថ្មី ត្រូវបន្តខិតខំយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន ឲ្យបានជាប្រចាំ  ធ្វើយ៉ាងណាត្រូវដោះស្រាយរាល់បញ្ហាប្រឈមដែល កើតមាននៅក្នុងមូលដ្ឋាន ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋជួបប្រទះ ឲ្យបានទាន់ពេលវេលា  ត្រូវតែប្រញាប់ប្រជុំបែក ចែកតួនាទី ការងារ ដើម្បីឆាប់បានអនុវត្ត។

ឯកឧត្តម អភិបាលខេត្ត  ក៏បានធ្វើការណែនាំបន្ថែមដល់អាជ្ញាធរនៅមូលដ្ឋាន  ត្រូវតាមដានចុះស្រង់ ស្ថិតិពលរដ្ឋដែលមកពីបណ្តារខេត្តផ្សេងៗ  ពិសេសខេត្តដែលប្រឈមនឹងការរីករាលដាលជម្ងឺកូវីដ-19  ដើម្បីមានវិធានការត្រៀម  ការពារកុំឲ្យមានការឆ្លងរីករាលដាលជម្ងឺកូវី-19 ចូលក្នុងសហគមន៍ ទ្រង់ទ្រាយធំ។ ពិសេសបន្តអនុវត្តវិធានការ “3ការពារ  និង3កុំ”។

ក្នុងពិធីប្រកាសផ្ទេរភារកិច្ចនេះ នៅស្រុកស្វាយចេក ត្រូវបានបានប្រកាសតែងតាំងលោក  ស៊ិន ប៊ុនស៊ីវ នាយករងរដ្ឋបាលសាលាស្រុក ជាអភិបាលរងស្រុកស្វាយចេក  ជំនួសលោក  សារ៉ាយ ពេត អភិបាលរងស្រុកស្វាយចេក  ទៅបម្រើការងារជាមន្ត្រីនៃសាលាខេត្តបន្ទាយមានជ័យ  ។

សម្រាប់ក្រុងសិរីសោភ័ណវិញ  ត្រូវបានប្រកាសតែងតាំងលោក  ខែន  រិទ្ធី  នាយករដ្ឋបាលនៃសាលា ស្រុកស្វាយចេក  ទៅជាអភិបាលរងក្រុងសិរីសោភ័ណ  ជំនួសលោក  ម៉ៅ  វណ្ណា  អភិបាលរងក្រុង  ត្រូវបានផ្ទេរទៅបម្រើការងារនៅសាលាខេត្តបន្ទយមានជ័យ៕ (សៅនៅ)

You might like

Leave a Reply

Your email address will not be published. Required fields are marked *