ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានធ្វើពិធី ប្រគល់ និងទទួលមូលនិធីពីសប្បុរសជន ក្រោមវត្តមានចូលរួមពីលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងលោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា ព្រមទាំងសមាជិក សមាជិការសាខាជាច្រើន រូបទៀត ។
សប្បុរសជន អង្គភាព សាខាគយ និងរដ្ឋាករខេត្តស្វាយរៀង តំណាងដោយលោក ងួន ស៊ីថា អនុប្រធានសាខា និងសហការីបាននាំយកថវិកាចំនួន ៥ លានរៀល និងការិយាល័យគយ និងរដ្ឋាករបាវិត ១,០០០ ដុល្លារ ការិយាល័យគយ និងរដ្ឋាករព្រៃវល្លិ៍ ១០០ ដុល្លារ ការិយាល័យគយ និងរដ្ឋាករ បុសមន ៣០០,០០០ រៀល ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង តាមសេចក្តីប្រកាសព័ត៌មានរបស់ កាកបាទក្រហមកម្ពុជា និងសេចក្តីអំពាវនាវរបស់សាខា ក្នុងឱកាសអនអរសាទរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ។
នៅក្នុងពិធីនោះដែរ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ថវិកា ២០ ម៉ឺនរៀល ស្បៀង និងសម្ភារមួយចំនួន និងឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បានឧបត្ថម្ភថវិកា ១ លានរៀល ។ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងក្នុងនាមគណៈកម្មាធិការសាខា បានមានប្រសាសន៍ឆ្លើយតបទៅនឹងឆន្ទៈ និងទឹកចិត្តមនុស្សធម៌របស់ ថ្នាក់ដឹកនាំ អង្គភាព និងមន្ត្រី បុគ្គលិក នៃសាខាគយ និងរដ្ឋាករ ខេត្តស្វាយរៀង ព្រមទាំងការិយាល័យគយ និងរដ្ឋាករច្រកទ្វាព្រំដែន អន្តរជាតិបាវិត ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត និងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាននាំយកមកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តនាពេលនេះជា ឱកាស ដ៍ថ្លៃថ្លា ផ្សាភ្ជាប់ ប្រធានបទ (ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាង ភាពធន់របស់ សង្គមជាតិ) ។
ក្នុងនាមប្រធានកិត្តិយសសាខា និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្តស្វាយរៀង សូមថ្លែងអំណរគុណ ដ៍ជ្រាលជ្រៅ ចំពោះឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំអង្គភាព មន្ទីរ និងសហការី ដែលនាំមកនូវមូលនិធិ និងសម្ភារនាពេលកន្លងមក និងពេលនេះសាខាកាកបាទ ក្រហមកម្ពុជាខេត្តស្វាយរៀង នៅតែបន្តកៀរគរមូលនិធិ និង ស្វាគមន៍ចំពោះការចូលរួមវិភាគទានថវិកា សម្ភារ ពីសំណាក់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាសប្បុរសជនទាំងក្នុង និងក្រៅខេត្តបន្តទៀត និងសូមឲ្យទទួលបាននូវពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ដោយ សាយ ហ្គន

