ជ័យជន្នះ ៧មករា ជាថ្ងៃកំណើតទី២របស់ពលរដ្ឋខ្មែរ, ទោះក្នុងតម្លៃណាក៏ដោយ ដាច់ខាតត្រូវថែរក្សាសុខសន្តិភាពឱ្យខានតែបាន

ព្រះវិហារៈ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានលើកឡើងថា ទិវាជ័យជម្នះ ៧មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនខ្មែរ ដូច្នេះសូមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាការពារ សុខសន្តិភាពឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ។ លោករំលឹកថា បើក្រឡេកមើលរយៈពេល៤២ឆ្នាំមុន ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ បានឆ្លងកាត់ជួប បានប្រទះហើយ គឺមហាសែនលំបាកវេទនាខ្លោចផ្សារណាស់ ពីកាប់សម្លាប់យ៉ាងព្រៃផ្សៃពីសំណាក់ក្រុមរបបវាលពិឃាត ប៉ុល ពតរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ការលើកឡើងបែបនេះក្នុងពិធីចែកអំណោយកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋចំនួន ៣០គ្រួសារ ដែលមានជីវភាពខ្វះខាតរួមមាន ស្ត្រីមេម៉ាយ ក្មេងកំព្រា ជនពិការ ចាស់ជរាគ្មានទីពឹង នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ លោកអភិបាលខេត្តព្រះវិហារថា៖ «៤២ឆ្នាំមុន ថ្ងៃនេះជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា» ដែលបានរួចផុតពីសម័យខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលបងប្អូនពលរដ្ឋជាច្រើន មានការបាត់បង់ឪពុកម្តាយ បងប្អូន កូនចៅ និងញាតិសណ្តានគួរឱ្យសង្វេក និងអាឡោះអាល័យបំផុតគ្មានអ្វីប្រៀបបាន។

លោក ប្រាក់ សុវណ្ណ បានបន្តថា បងប្អូនជនរួមជាតិ ជាស្ត្រីមេម៉ាយ ជាចាស់ជរាគ្មានទីពឹង ជាកូនកំព្រា ជាជនពិការរាប់ម៉ឺនសែននាក់ ដ៏គួរឱ្យអាណិតអាសូរ ដែលយើងមិនអាចទុកបងប្អូនចោលនោះទេ គឺត្រូវតែមើលថែទំនុបបម្រុង ទោះបីតិចក្តីច្រើនក្តី គឺមិនឱ្យបងប្អូនស្លាប់ដោយសារអត់ឃ្លាននោះឡើយ ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរតែងគិតគូរ យកចិត្តទុកដាក់ពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទិសទីមិនថានៅទីណានោះទេ។ ក្រោយចប់ពិធីសំណេះសំណាលរួច លោក ប្រាក់ សុវណ្ណ ក៏បន្តដឹកនាំក្រុមការងារខេត្តស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ អញ្ជើញទៅធ្វើពិធីបួងសួងនៅមុខរួបសំណាកលោកតាឌី នៅលើកំពុលភ្នំប្រាសាទព្រះវិហារ ដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនដល់ថ្នាក់ដឹកនាំ ប្រទេសនិងបងប្អូនប្រជាពលរដ្ឋខ្មែរ និងបានឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខ័ន្ធ យុទ្ធជន យុទ្ធនារីក្លាហាន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុរំដោះប្រទេសជាតិឱ្យរួចផុតពីរបបខ្មៅងងឹត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃមកទល់បច្ចុប្បន្ននេះផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *