កណ្ដាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំនិងម៉ូតូបណ្ដាលឱ្យស្លាប់ស្ត្រី២នាក់ កើតឡើងនាថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង៨និង៣០នាទី នៅលើផ្លូវជាតិលេខ៨ ចំណុចរង្វង់មូលគល់ស្ពានព្រែកតាមាក់ ស្ថិតនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ សមត្ថកិច្ចនិយាយថា គ្រោះថ្នាក់ខាងលើបង្កឡើង ដោយរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌សជាប្រភេទរថយន្តបែនពាក់ផ្លាកលេខ ភ្នំពេញ 3D.3003 បើកបរដោយឈ្មោះប៊ូ សុគន្ធ ភេទប្រុស អាយុ៣២ឆ្នាំនៅភូមិគគរ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បើកបរក្នុងទិសដៅពីត្បូងទៅជើង។ លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើរថយន្តនេះបានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅផ្លាកលេខ ភ្នំពេញ1CB-4544អ្នកបើកបរឈ្មោះសំ មុំ ភេទស្រី អាយុ៤៧ឆ្នាំនៅភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលស្លាប់នៅកន្លែងកើតហេតុ និងរួមដំណើរឈ្មោះភី ធូ ភេទស្រី អាយុ ៥២ឆ្នាំនៅភូមិឃុំជាមួយគ្នាបានស្លាប់នៅកន្លែងកើតហេតុ ដែលបើកបរក្នុងទិសដៅពីត្បូងទៅជើងស្របគ្នា ។បន្ទាប់ពីបុកម៉ូតូរួចបានកៀរម៉ូតូបណ្តាលឱ្យដួលម៉ូតូហើយកិនពីលើម៉ូតូព្រមទាំងកិនពីលើជនរងគ្រោះអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរជាមួយបណ្តាលឱ្យស្លាប់ទាំងពីរនៅកន្លែងកើតហេតុតែម្តង។ បន្ទាប់មកអ្នកបើកបររថយន្តបានបើករថយន្ដចូល មកកន្លែងអធិការដ្ឋានប៉ូលិសស្រុកខ្សាច់កណ្ដាល ដោយខ្លួនឯងតែម្ដងដើម្បីឱ្យសមត្ថកិច្ចឃាត់ខ្លួន។ ក្រោយពេលកើតហេតុរួចកម្លាំងប៉ូលិសជំនាញចរាចរណ៍ស្រុកបានសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកតាមាក់ចុះទៅដល់កន្លែងកើតហេតុនិងបានវាស់វែងដកហូតសម្ភារៈទាំងពីរយកមករក្សាទុកនៅអធិការរដ្ឋានស្រុកខ្សាច់កណ្ដាល ។
ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅជូនក្រុមគ្រួសារសពយកទៅធ្វើ បុណ្យតាមប្រពៃណី។រីឯអ្នកបើកបររថយន្តខាងលើត្រូវសមត្ថកិច្ចឃាត់ខ្លួននិងហៅមកសួរនាំនៅអធិការដ្ឋានស្រុកខ្សាច់កណ្តាលដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ដោយ ភាវុន