រថយន្តធនធំ២គ្រឿងបុកគ្នានៅផ្លូវជាតិលេខ 5 សមត្ថកិច្ចថាបណ្ដាលមកពីបើក បរមិនគោរពសិទ្ធិអាទិភាព

ខេត្តកំពង់ឆ្នាំង :រថយន្តធុនធំ 2 គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសជាអ្នកបើក បរម្នាក់បានរងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាល ចំណែករថយន្តខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 3 និង 55 នាទីព្រឹកថ្ងៃទី 23 ខែឧសភា ឆ្នាំ 2021 នៅតាមបណ្ដោយផ្លូវជាតិលេខ 5 ត្រង់ចន្លោះគីឡូម៉ែត្រលេខ 87 និងលេខ 88 ស្ថិតនៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា គ្រោះថ្នាក់រវាងរថយន្តធុនធ្ងន់បុកគ្នា រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ក្រហមពាក់ស្លាកលេខ កំពង់ស្ពឺ 3 A.1666 មានកណ្ដោង សឺមីកន្ទុយពាក់ស្លាកលេខ ភ្នំពេញ 4A.2884 បើកបរដោយបុរសឈ្មោះ វន សុខហេង អាយុ 26 ឆ្នាំមានទីលំនៅភូមិ ព្រៃរុំដួល ឃុំថ្មសែត ស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ ។ ចំណែកភាគីម្ខាងទៀតជារថយន្តម៉ាក ហ៊ីយ៉ាន់ដាយក្បាលពណ៌ខៀវពាក់ស្លាកលេខព្រះសីហនុ 3A3959 មានសណ្ដោង សឺមីកន្ទុយ ពាក់ស្លាកលេខ ភ្នំពេញ4 A. 05 99 បើកបរដោយបុរសឈ្មោះ ត្រុត លីណាអាយុ 39 ឆ្នាំ មានទីលំនៅភូមិព្រៃខៀវឃុំស្រែអំបិលស្រុកស្អាងខេត្តកណ្ដាល ។

ប្រភពដដែលបានបន្តថាមុនពេលកើតហេតុ រថយន្ត ហ៊ីយ៉ាន់ដាយពណ៌ខៀវ បានធ្វើដំណើរពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយពណ៌ក្រហម បើកក្នុងដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលទៅឆ្វេងដៃ បណ្ដាលឲ្យបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តពណ៌ខៀវក្រឡាប់បះជើង ។ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅពិនិត្យវាស់វែងឃើញថា រថយន្តទាំង 2 គ្រឿងបានខូចខាត ធ្ងន់ធ្ងរ ចំណែកឯអ្នកបើកបររថយន្តពណ៌ក្រហម ឈ្មោះ ត្រុត លីណា បានរងរបួសធ្ងន់និងបាក់ជើង ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកឯអ្នកបើកបររថយន្តពណ៌ខៀវគ្រាន់តែរបួសស្រាល។

សមត្ថកិច្ចបានរៀបចំយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការនគរបាលក្រុងកំពង់ឆ្នាំងដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី។ចំពោះមូលហេតុនៃការបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍សមត្ថកិច្ចបានបញ្ជាក់ថាគឺបើកបរមិនគោរពសិទ្ធិអាទិភាព ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *