កំពង់ធំៈ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជា អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ហៅកាត់ថា(ស អ.ក) អមដំណើរដោយ ឯកឧត្តម សុខ លូ អភិបាល ខេត្តកំពង់ធំ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ រួមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ មន្រ្តីជំនាញ សូរិយោដី ប្រធាន សមាគមស្រុកក្រុង និងលោកយាយ លោតា ដែលជាអតីតយុទ្ធជនចូលរួម ក្នុងពិធីចាប់ឆ្នោត យកក្បាល ដី និងផ្ទះ ស្ថិតនៅក្នុងដីសម្បទានសង្គមកិច្ច ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២១។
ថ្លែងក្នុងពិធីនោះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធាន សមាគម អតីតយុទ្ធជន កម្ពុជាខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍សង្ខេប និងមានប្រសាសន៍លើកឡើងថា ថ្ងៃនេះខេត្តកំពង់ធំ ពិតជាមានមោទនភាពខ្លាំងណាស់ ដែលជាប្រវត្តិសាស៍ សម្រាប់អតីតយុទ្ធជនកម្ពុជា ដែល មានជីវភាពលំបាកខ្វះខាត គ្មានដី គ្មានផ្ទះ កន្លងមកសុំបងប្អូនសាច់ញាតិស្នាក់នៅ និងពុំមានលទ្ធភាព សាងសង់ លំដីដ្ឋានបានសមរម្យ ពេលនេះទទួលបានសិទ្ធិក្នុងការចាប់ឆ្នោតយកដីសម្បទានសង្គមកិច្ច ចំនួន ១៤០គ្រួសារ ក្នុងមួយគ្រួសារទទួលបានផ្ទះមួយខ្នង ដែលមានទំហំ ៥ម គុណ ៧ម រួមទាំងដីសម្រាប់ បង្ករបង្កើន ផល ចំនួនមួយហិចតាកន្លះ ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានោះឯកឧត្តម សុខ លូ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានរៀបរាប់ពីប្រវត្តដីមុន និង បានមកជាដីសម្បទានសង្គមកិច្ច ព្រមទាំងបានចាត់តាំងក្រុមការងារគណកម្មការ អាជ្ញាធរ ស្រុក ឃុំ និងមន្ត្រីជំនាញពាក់ព័ន្ឋទាំងអស់ ចូលរួមតាមការសិក្សា និងពិនិត្យឃើញថា ដីតំបន់នេះជាប្រភេទដីព្រៃរេចរិល និងពុំមានការកាន់កាប់ពីសំណាក់ប្រជាពលរដ្ឋ ក៏សម្រេចយកទីតាំងនេះដែលមានផ្ទៃដីសរុប ១៩៧៨ហិចតា ដាក់ស្នើរសុំជាដីសម្បទានសង្គមកិច្ច សម្រាប់ការពារទុកចែកជូនអតីតយុទ្ធជនកម្ពុជាក្នុងខេត្តកំពង់ធំដែល មាន ជា ភាពខ្វះខាត។ ហើយរហូតមកដល់ពេលនេះគឺយើងបានសាងសង់ផ្ទះជូនអតីតយុទ្ធជនមានរយៈពេល ៦០ ថ្ងៃ មានផ្ទះចំនួន ៧៣ខ្នងផ្ទះរួចជាស្ថាពរ ក្នុងចំណោម ១៤០ខ្នងផ្ទះ ក្នុងនោះបានបោះបង្គោលដីលំនៅដ្ឋាន និងដីកសិកម្មបានចំនួន ១៤០ឡូ និងបានសាងសង់ផ្លូវសរុប ១២គីឡូម៉ែត្រ។
ទន្ទឹមនឹងនោះឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណនិង កោតសរសើរដល់ថ្នាក់ដឹកនាំ ខេត្តកំពង់ធំ ដែលមានសាមគ្គីភាពឯកភាពផ្ទៃក្នុងបានល្អប្រសើរ ក្នុងការសម្របសម្រួលការងារ រហូតទទួល បានលទ្ធផលដ៏ត្រចះត្រចង់ក្នុងរយៈពេលខ្លី។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា សម្តេចតេជោ ហ៊ុន សែន បានគិតគូរគ្រប់សព្វបែបយ៉ាងមកលើអតីតយុទ្ធជន និងប្រជាជនជាធំ ដោយផ្តល់វ៉ាក់សាំង ការពារ ជំងឺ កូវីដ១៩ ចាក់ជូនអតីតយុទ្ធជន ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ១៩ ដែលជាអ្នកបូរឈាមស្រស់ សាច់ ស្រស់ការពារបូរណភាពទឹកដី ដែលយើងមិនអាចបំភ្លេចនូវគុណបំណាច់នេះបានទេ៕SKS