កសិករសប្បាយរីករាយខ្លាំង ពេលប្រមូលផលដំណាំកសិឧស្សាហកម្ម ជ័រកៅស៊ូ លក់ឱ្យឈ្មួញបានតម្លៃខ្ពស់ជាងឆ្នាំមុន

ខេត្តប៉ៃលិន ៖ ទោះបីជាដំណាំកសិផលមួយចំនួន ដែលប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន ដាំដុះ មានការធ្លាក់តម្លៃចុះទាប ដូចជាដំណាំស្វាយកែវរមៀតជាដើម ។ តែចំពោះដំណាំកសិឧស្សា ហកម្ម កៅស៊ូវិញ ហាក់ដូចជាមានការឡើងថ្លៃខ្ពស់បន្តិច ខណ:ពេល ដែលកសិករកំពុងតែនាំគ្នា ម្នីម្នាប្រមូលផល ជ័រកៅស៊ូ ថ្លឹងលក់ឱ្យឈ្មួញ យ៉ាងមមាញឹក និងសប្បាយរីករាយ ដោយអ្នកខ្លះដាំ ដំណាំនេះ បានជាង១០ឆ្នាំ ។ ទោះបីជាតម្លៃទីផ្សារពីមួយឆ្នាំទៅមួយឆ្នាំ មានការឡើងចុះៗ ក៏ពួកគាត់ នៅតែខិតខំប្រឹងប្រែងថែទាំដើមកៅស៊ូ ដោយបោចស្មៅ បន្តដាក់ជី មិនកាប់ដើមចោលទៅដាំដំណាំផ្សេងទៀតនោះទេ ព្រោះពួកគាត់គិតថា ដាំរួចកាប់ចោល ទៅដំណាំផ្សេងគឺខាតពេល ។

បើតាមការលើកឡើងពីកសិករម្នាក់ ឈ្មោះ ហុន ណារៀប ភេទស្រី អាយុ៤២ឆ្នាំ បានឱ្យភ្នា ក់ងារយើងដឹងថា ៖ គាត់បានដាំ ដំណាំកសិឧស្សាហកម្ម កៅស៊ូនេះ ជាង៣០០០ដើម នៅលើដីចំការ៦ហិកតា ដោយដាំបានរយ:ពេល១៤ឆ្នាំមកហើយ ក៏បានប្រមូលផល ជៀរជ័រលក់បានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។ គាត់បន្តទៀតថា ដំណាំមួយនេះ មិនលំបាកដាំ និងថែទាំប៉ុន្មាននោះទេ ដោយគាត់ទិញពូជ(កូនកៅស៊ូ) មកពីខេត្តកំពង់ចាម ១ដើម តម្លៃ១ដុល្លារ ដោយក្រោយពីដាំនិងថែទាំអស់រយ:ពេល៧ឆ្នាំ ទើបអាចជៀរជ័រកៅស៊ូ លក់ឱ្យឈ្មួញ ដែលមកពីខេត្តកំពង់ចាមយកទៅលក់បន្តនៅប្រទេសវៀតណាម ។ គាត់ ក៏បានជួលកម្មករឱ្យចូលធ្វើការងារក្នុងចំការ គិតជាភាគរយ បន្ទាប់ពីលក់ជ័រកៅស៊ូរួច ត្រូវចំណាយឱ្យកម្មករ៣៥% នៅសល់៦៥% គឺជាថវិកាសល់សម្រាប់ម្ចាស់ចំការ ។ កាលពីឆ្នាំមុន តម្លៃជ័រកៅស៊ូមានការធ្លាក់ចុះបន្តិច ដោយឈ្មួញទិញ១គីឡក្រាមតម្លៃត្រឹមតែ២៥០០ ទៅ២៧០០រៀល ដោយឡែកនៅឆ្នាំ២០២១នេះ ឈ្មួញទិញ១គីឡូក្រាមតម្លៃ៣០០០រៀល ។ ក្រោយពីប្រមូលផលរួច នៅពេលនេះ ថ្លឹងបានជាង២តោន ហើយគាត់ក៏បន្តជួលកម្មករឱ្យដើរជៀរ ដើម្បីបង្កកលក់ឱ្យឈ្មួញជាបន្តបន្ទាប់ទៀត រហូតដល់ដើមកៅស៊ូមានស្លឹកពណ៌លឿង ជ្រុះស្លឹកមួយៗ ទើបសម្រាក ពោលគឺក្នុង១រដូវ គាត់ប្រមូលផលបាន៥ទៅ៦ដង ។

ចំណែកបុរសម្នាក់ ឈ្មោះ ឡោ សុខប៊ន រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងដែរថា ៖ គាត់បានដាំ ដំណាំកៅស៊ូចំនួន១២ហិកតា ស្មើនឹងជាង៦០០០ដើម នៅលើដីចម្ការរបស់ខ្លួន អស់រយ:ពេលជាង១០ឆ្នាំមកហើយ ក៏បានប្រមូលផលលក់ឱ្យឈ្មួញហូរហែ អស់រយ:ពេលជិត១០ឆ្នាំមកហើយដែរ ។ គាត់បន្តទៀតថា នៅឆ្នាំ២០២១នេះ ដើមកៅស៊ូ របស់គាត់ទទួលរងការរលំបាក់ អស់ជាច្រើនដើម ដោយសារភ្លៀងលាយខ្យល់កន្រ្តាក់ ។ តែ គាត់ប្រមូលផលលក់បានជាង២តោន ដោយរៀងរាល់ឆ្នាំ ការប្រមូលផលជ័រកៅស៊ូ ថ្លឹងលក់ បានទម្ងន់ ប្រហាក់ប្រហែលគ្នា បើពេលណា មានភ្លៀងធ្លាក់ច្រើន គឺកៅស៊ូវសំបូរទៅដោយជ័រ តែបើរាំងស្ងួតខ្លាំង អត់សូវមានជ័រច្រើននោះទេ ។ គាត់បញ្ជាក់ថា ចាប់តាំងពីដាំរហូតដល់អស់ជ័រគឺមានរយ:ពេលយូរអង្វែង ប្រហែលជា៤០ទៅ៥០ឆ្នាំ ទើបអស់ជ័រ អាចនឹងកាប់ដើមចាស់ចោល រួចដាំកូនសារថ្មី ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *