ខេត្តស្វាយរៀងៈ(ព័ត៌មានបឋម)៖ បើយោងតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀង នៅវេលាម៉ោង៤ៈ២០នាទីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះថាក្រុមការងារយកសំណាក ចំនួន៨៧១នាក់និងបន្តរកឃើញអ្នកដែលឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ចំនួន៩៦នាក់ជា (ព័ត៌មានបឋម) ដែលមានការពាក់ព័ន្ធជាមួយបុរសម្នាក់ជាអ្នករកស៊ីដឹកបន្លែ ពីខេត្តស្វាយរៀង ទៅផ្សារដើមគរ រាជធានីភ្នំពេញ ហើយបានឆ្លងជំងឺកូវីដ១៩ ដល់ប្រពន្ធដែលធ្វើការរោង ចក្រយូលីស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុង សាន់សែល ក្រុងបាវិតខេត្តស្វាយរៀង។
លោកបណ្ឌិត កែរ រដ្ឋា បានបន្តថា មូលហេតុដែលរកឃើញអ្នកជំងឺកូវីដ-១៩នេះ ខណៈពេលដែលបុរសជាប្តីរបស់កម្មការិនីរោងចក្រខាងលើនោះគាត់មានបញ្ហាសុខភាព បានទៅពិនិត្យនៅមន្ទីរពេទ្យ «ជីភូ» ហើយបានទៅយកសំណាកនៅមណ្ឌលចត្តាឡីស័ក «មីស្ទ័រសូ»។ លុះដល់រកឃើញមានវិជ្ជមានទើបក្រុមការងារ បានយកប្រពន្ធរបស់គាត់ជាកម្មការិនីធ្វើការ នៅរោងចក្រ «យូលី» ទៅធ្វើតេស្តហើយជាលទ្ធផលក៏មានវិជ្ជមានកូវីដ-១៩ដូចគ្នា ហើយក្រុមការងារក៏បានបន្តចុះស្រាវជ្រាវដល់រោងចក្រតែម្តង ដោយមានអ្នកពាក់ព័ន្ធជិត៨០០នាក់ កំពុងធ្វើតេស្តរកជំងឺកូវីដ-១៩ ផងដែរ។
ហើយរដ្ឋបាលខេត្តស្វាយរៀងបានចេញសេចក្តីប្រកាសព័ត៌មាននិងអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយបុរសដែលជាអ្នករកស៊ីដឹកបន្លែ និងប្រពន្ធដែលជាកម្មការិនីរោងចក្រ ត្រូវប្រញាប់រួសរាន់មកធ្វើ តេស្តរកជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា និងរួមគ្នាអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនជាពិសេសអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នូវវិធានការ «៣ការពារ និង៣កុំ» បើមិនចាំបាច់សូមកុំចេញក្រៅផ្ទះហើយបើសង្ស័យ មានរោគសញ្ញាខុសពី ប្រក្រតីដូចជា ក្តៅខ្លួន ក្អក កណ្តាស់ ឈឺបំពង់ក ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរ មូលដ្ឋានឬទាក់ទងទៅលេខទូរស័ព្ទ ០៩៧ ៥០៣៥៤៦៧ ឬ ០៤៤៧១២៥២២៕