ខេត្តកំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារគណបក្សប្រជាជន កម្ពុជាខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោកជំទាវ ប៊ន សុភី សមាជិកអចិន្រ្តៃយ៍គណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និង លោកជំទាវ ឈឹម ស្រីមុំ ភរយា ឯកឧត្តម ឈួរ ច័ន្ទឌឿន ព្រមទាំងអាជ្ញាធរដែន បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ១៥០គ្រួសារ ស្ថិតនៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ លោកជំទាវ ប៊ន សុភី បានមានប្រសាសន៍ថាៈ អង្ករសរុបទាំងអស់មានចំនួន ៣តោនដែលទទួលបានពីឯកឧត្តម ឈួរ ច័ន្ទឌឿន តាមរយៈការចូលរួមពីសប្បុរសជន និងថវិការបស់លោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន ចំនួន ១,៥០០,០០០រៀលក្នុងការជួយដោះស្រាយបញ្ហាលំបាករបស់បងប្អូននៅមូលដ្ឋានដែលកំពុងមានការបិទខ្ទប់។ អង្ករសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋចំនួន ១៥០គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន ២០គីឡូក្រាម និងថវិកា ១ម៉ឺនរៀល។ក្នុងឱកាសនោះ លោកជំទាវ បានណែនាំដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានទាំងអស់ត្រូវខិតខំប្រកបការងារអាជីវកម្ម ផលិតកម្ម តាមជំនាញវិជ្ជាជីវៈដើម្បីស្វែងរក ប្រាក់ចំណូលបន្ថែម ដើម្បីលើកកម្ពស់ជីវភាពប្រចាំថ្ងៃ និងត្រូវចៀសវាងជាដាច់ខាតនូវការប្រើប្រាស់ និងជួញដូរមនុស្សនិងគ្រឿងញៀនគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
លោកជំទាវបានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវតែបន្តរក្សាសុខភាពអនាម័យប្រចាំថ្ងៃ និងរក្សាគម្លាតសង្គម ឱ្យបានល្អ ដើម្បីចៀងវាងការឆ្លងរីករាលដាល នៃជំងឺផ្សេងៗ ជាពិសេស ជំងឺកូវីដ-១៩ ដោយអនុវត្តតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ និង៣កុំ និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានជាប់ជាប្រចាំ៕