កំពង់ស្ពឺ៖ រដ្ឋបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែឧសភានេះ បានសម្រេចបញ្ចប់តួនាទី លោក ឡាក់ ប៊ុនធីម ពីនាយករងសាលាក្រុងច្បារមន មកជាមន្ត្រីនៃក្រុងច្បារមន ក្រោយមន្រ្តីរូបនេះ បានប្រព្រិត្តអំពើមិនគាប់បីទៅលើក្មេងស្រីម្នាក់ដោយបានទាត់ថាសព្រីងកំពប់ទៅលើដី ហើយត្រូវគេចែកចាយលើបណ្តាញសង្គម។
ថ្មីៗនេះ ក្មេងស្រីរងគ្រោះឈ្មោះ រី រក្សា អាយុ១៣ឆ្នាំ រស់នៅសង្កាត់ក្រវ៉ាន់ ក្រុងច្បារមន ត្រូវបានលោក ឡាក់ ប៊ុនធីម ទាត់ថាសព្រីងកំពប់ ដោយលើកហេតុផលថា នាងលក់ព្រីងនៅតំបន់ហាមឃាត់។
ក្រោយកើតហេតុ អភិបាលខេត្ដកំពង់ស្ពឺ លោក វ៉ី សំណាង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញក្មេងស្រីរងគ្រោះឈ្មោះ រី រក្សា ដើម្បីចូលជួប និងផ្ដល់អំណោយមួយចំនួនជូនជាការ លើកទឹកចិត្តឡើងវិញដល់ក្រុមគ្រួសារជាពិសេសក្មេងស្រីតែម្ដង៕