កំពុងតែផឹកស៊ីក្នុងរោងសុខៗស្រាប់តែរន្ទះបាញ់ស្លាប់ម្នាក់និងរងរបួស៤នាក់នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖មានហេតុការណ៍ដ៏អាក្រក់មួយដែលបង្កឡើងដោយគ្រោះធម្មជាតិខណៈក្រុមជាងសំណង់កំពុងអង្គុយផឹកស៊ីនៅក្នុងរោងស្រាប់តែរន្ទះបាញ់ចំកណ្តាលរោងបណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅនិងកន្លែងនិង៤នាក់ផ្សេងទៀតរងរបួសធ្ងន់ដួលសន្លប់នៅលើគ្រែរដូករណែលគួរឲ្យសង្វេក។

ករណីដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៩ខែឧសភាឆ្នាំ២០២១ ស្ថិតនៅភូមិត្រពាំងបន្ទាយឃុំអណ្តូងពោធិស្រុករមាសហែក។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖ មុនពេលកើតហេតុ គេឃើញក្រុមជាងសំណង់ ចំនួន០៥នាក់ បាននាំគ្នា ផឹកស៊ីនៅក្នុងរោង ស្នាក់នៅ ក្រោយមកក៏មានភ្លៀង មួយមេធំលាយឡំនិងខ្យល់ ផ្គរ រន្ទះលាន់គ្រហ៊ឹម គួរឲ្យព្រួយបារម្មណ៍ លុះដល់ម៉ោងកើតហេតុខាងលើស្រាប់តែមានរន្ទះបាញ់ ចំសរសរក្រឡោងរោង ចំវង់អ្នកអង្គុយផឹកស៊ីលើគ្រែបណ្តាលអោយស្លាប់មនុស្ស០១នាក់ភ្លាមៗនិងរងរបួស០៤នាក់ផ្សេងទៀតធ្ងន់ធ្ងរដួលសន្លប់តែម្តង។

ប្រភពបន្តទៀតថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតឈ្មោះយ៉ង មករា (ហៅ ជាងខ្លី)ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ ព្រៃក្រឡាញ់ ឃុំ កំពង់ត្រាច ស្រុក រមាសហែក ខេត្តស្វាយរៀង ពួកគាត់បាន មកធ្វើជាងផ្ទះ នៅឃុំ អណ្ដូងពោធិ៍ ហើយពេលយប់ ពួកគាត់សម្រាកនៅកន្លែងធ្វើផ្ទះមិនវិលត្រឡប់ទៅផ្ទះពួកគាត់វិញទេ។

ចំណែក០៤នាក់ទៀត៖

ទី១,ឈ្មោះប៉ាង នឿន ភេទប្រុសអាយុ៤៤ឆ្មាំ នៅភូមិត្រពាំងជ័រឃុំអណ្ដូងពោធិស្រុករមាសហែក

២,ឈ្មោះឡុក សារូ ភេទប្រុសអាយុ៣៨ឆ្នាំនៅភូមិថ្មីឃុំដូងស្រុករមាសហែក

៣,ឈ្មោះឃឹម សាម៉នភេទប្រុសអាយុ២៨ឆ្នាំនៅភូមិតាត្រាវឃុំកំពង់ត្រាចស្រុករមាសហែក

៤,ឈ្មោះគឹម ស៊ីថាភេទប្រុសអាយុ៤៩ឆ្នាំនៅភូមិកំពង់ត្រាចឃុំកំពង់ត្រាចស្រុករមាសហែក។

បន្ទាប់ពីមានករណីរន្ទះបាញ់បង្កឲ្យមានមនុស្សស្លាប់និងរបួសមកម្ចាស់ផ្ទះក៏បានរាយការណ៍ជូនសមត្ថកិច្ចចុះមកពិនិត្យនៅកន្លែងកើតហេតុ រួចហៅរថយន្តសាមុយដឹកអ្នករងរបួសទាំង០៤នាក់បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុករមាសហែកដើម្បីសង្គ្រោះ។

ចំណែកសព ជនរងគ្រោះសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ សាយ ហ្គន

You might like

Leave a Reply

Your email address will not be published. Required fields are marked *