ខេត្តប៉ៃលិន ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីសម្រេច មួយ ដោយផ្អាកជាបណ្តោះអាសន្ន ទីតាំងអាជីវកម្មអាហារដ្ឋាន បន្ទប់ពិគ្រោះ និងព្យាបា លជំងឺ កន្លែងសិប្បកម្មជាងដែក ដែលមានការជាប់ពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ ដែលបុរសម្នាក់ ឈ្មោះ នុម ដុង ភេទប្រុស អាយុ៣៦ឆ្នាំ បានធ្វើដំណើរមកពីខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំ ពេញ មកខេត្តប៉ៃលិន កាលពីថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២១ ដោយមន្រ្តីសុខាភិបាល បានពិនិត្យសុខភាពអវិជ្ជមាន និងត្រូវបានធ្វើតេស្តបន្តទៀត ឃើញវិជ្ជមានជំងឺកូវីដ-១៩ ដោយក្រុមត្រួតពិនិត្យសុខភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ហេតុនេះ កន្លែងទាំងអស់ខាងលើ នឹងត្រូវបិទចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី ។ ប្រភពបន្តទៀតថា កន្លែងដែលត្រូវបិទជាបណ្តោះអាសន្នរួមមាន ៖ ទី១. អាហារដ្ឋាន អាម៉ី ស័យស្ទ័រ & គ្រឿងសមុទ្រពិសេស ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទី២. អាហារដ្ឋាន មីគាវគោដុតបន្ទះដែក ស្ថិតនៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទី៣. ហាង ធី ថាន់ កាហ្វេ ស្ថិតនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទី៤. បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ កឹម សំណាង ស្ថិតនៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងទី៥. កន្លែងសិប្បកម្មជាងដែក ឈ្មោះ គីម បូនី ស្ថិតនៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ លិខិតដដែលបានបញ្ជាក់ថា សេចក្តីសម្រេចទាំងឡាយណារបស់រដ្ឋបាលខេត្តប៉ៃលិន ដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍ ។ ដូច្នេះ នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន ប្រធានមន្ទីរសុខាភិបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃ ដែលអភិបាលខេត្តប៉ៃលិន បានចុះហត្ថលេខាតទៅ ៕ ដោយ ៖ នីយ៉ា