ឯកឧត្តម អ៊ុន ចាន់ដា ៖ ថ្ងៃនេះខេត្តកំពង់ចាមបានរកឃេីញករណីវិជ្ជមានកូវីដ-១៩ ចំនួន៥២នាក់ ខណៈរោងចក្រ ចំនួន៤ទីតាំង ត្រូវបានផ្អាកសកម្មភាព

កំពង់ចាម :  ក្នុង ឱកាស ជួប សំណេះសំណាល សាកសួរសុខទុក ក្រុម គ្រូពេទ្យ កងយោធពលខេមរភូមិន្ទ  ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩  នៅ មន្ទីរពេទ្យ យោធា ភូមិភាគ ២   (  7D )  នាព្រឹក ថ្ងៃទី ២០  ខែឧសភា  ឆ្នាំ ២០២១ នេះ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ថ្លែង ថា  ដោយសារ ការ ធ្វេសប្រហែស របស់ មនុស្ស តែ ម្នាក់  ជំងឺ កូវីដ -១៩  បាន ឆ្លង រីករាលដាល ដល់ កម្មករ កម្មការិនី ជា បន្តបន្ទាប់  ហើយ រោងចក្រ  ចំនួន៤   ត្រូវ បាន ផ្អាក សកម្មភាព ការងារ ផងដែរ  ជាក់ស្ដែងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុម ការងារ មន្ត្រី សុខាភិបាល  បានយកសំណាកកម្មករកម្មការិនី និងអ្នកសង្ស័យចំនួន ៦១២នាក់ លទ្ធផលតេស្ដរហ័សបាន រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៥២នាក់  ហើយ បាន បញ្ជូន ទៅ ព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែល ប៉ះពាល់ ផងដែរ  ។

ក្នុង ឱកាស នោះដែរ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ថ្លែង ថា  ដោយសារ ស្ថានភាពនៃការ ឆ្លង រាតត្បាត  លឿន បែបនេះ គណៈកម្មការ ខេត្តប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩  បាន ដាក់ ចេញ នូវ យុទ្ធសាស្ត្រ  នៃការបង្រួម  និងទប់កុំ ឲ្យ រីក  ដោយត្រូវ រៀបចំ មណ្ឌល ចក្តាឡឺស័ក  ហើយ ប្រមូល អ្នក ដែល ប៉ះពាល់ ទាំងអស់  ឲ្យ ធ្វើ ចត្តាឡីស័ក  ឲ្យ បាន ត្រឹមត្រូវ តាម ការ គ្រប់គ្រង របស់ អាជ្ញាធរ  ដោយ មាន ក្រុម គ្រូពេទ្យ ពិនិត្យ  តាមដាន សុខភាពនៅតាម មណ្ឌល នីមួយ ៗ  ។ លេីសពី នោះ  ឯកឧត្តមអភិបាលខេត្ត  ក៏បាន ណែនាំ ឲ្យ មន្ត្រី  សុខាភិបាល  ត្រូវធ្វើ ការ   ស្រាវជ្រាវ   រក អ្នក ដែល ប៉ះពាល់ដោយផ្ទាល់ជាមួយនឹងអ្នកជំងឺ កូវីដ-១៩ និង ត្រូវ ធ្វើ តេស្ត ដោយ ឧបករណ៍ ពិសេស ជា បន្ទាន់  ដោយ មិនត្រូវបណ្តែតបណ្តោយ ទុកយូរបានឡេីយ ព្រោះ ល្បឿន នៃការឆ្លងនេះវាពិតជាលឿនណាស់   បេី រក ឃើញ ករណី វិជ្ជមានហេីយនោះ  គឺត្រូវបិទខ្ទប់ ជា បន្ទាន់  ដេីម្បី គ្រប់គ្រង ឲ្យ បាន  ពោលគឺត្រូវ គ្រប់គ្រង សភាពការណ៍ ឲ្យបាន ដោយ មិនត្រូវ បណ្តោយ ឲ្យ សភាពការណ៍ គ្រប់គ្រង យើង បាន ឡេីយ ។

ជាមួយគ្នា នោះ  ឯកឧត្តមអភិបាលខេត្ត  ក៏បាន សំណូមពរ ដល់  អ្នក ពាក់ព័ន្ធ ទាំងអស់  សូម ឲ្យ បន្ត  សហការ គ្នា  ដើម្បីផល ប្រយោជន៍ រួម  ក្នុង ការ ការពារ អាយុជីវិត ប្រជាពលរដ្ឋ  ក៏ដូចជា ក្រុមគ្រួសារ យើង ទាំងអស់ គ្នា   ហេីយ ត្រូវ ធ្វើការ ដោយ មាន ការ ប្រយ័ត្នប្រយែង ផង ដែរ  ។

ក្នុង ឱកាស នោះ ដែរ  ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកអំណោយ ផ្តល់ជូន ក្រុមគ្រូពេទ្យ ចាក់ វ៉ាក់សាំងបង្ការ ជំងឺ កូ វីដ-១៩ ចំនួន ១៨៤នាក់ ម្នាក់ ៗទទួលបាន ÷ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ និង ថវិកា ៥០.០០០ រៀល  ។ និងផ្តល់ជូន ខាង មន្ទីរពេទ្យ ភូមិភាគ ២ ម៉ាសចំនួន  ១០.០០០ ម៉ាស  និង ជែ ល លាងដៃ ៥០កាន ៕ គួរ បញ្ជាក់ ថា  បេីត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២១នេះ អាជ្ញាធរ ខេត្តកំពង់ចាម បានរកឃើញ ករណី វិជ្ជមានកូវីដ-១៩ លើប្រជាពលរដ្ឋ  សរុបចំនួន ៣០៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយបានត្រឡប់ទៅផ្ទះវិញប្រមាណជាង ១០០នាក់  ផងដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *