(កំពង់ធំ)៖អាជ្ញាធរអាជ្ញាធរខេត្តកំពង់ធំធ្វើការបកស្រាយចំពោះការឈូសឆាយដីនៅតំបន់ខ្ជាយ ឃុំពពក ស្រុកស្ទោងជុំវិញបញ្ហាការឈូសឆាយដីនេះលោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំបាន ប្រាប់ភ្នាក់ងារសារព័ត៌មានកាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២១ ថា៖
ដោយមានលិខិតបង្គាប់ការរបស់រដ្ឋបាលខេត្តកំពង់ធំដែលចុះហត្ថលេខារបស់-ឯកសុខ លូ អភិបាលខេត្តកំពង់ធំចុះថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានចាត់តាំងឲ្យលោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំធ្វើការចុះពិនិត្យទីតាំងស្នើសុំឈូសឆាយដីដំបូកនឹងគល់ឈើលើផ្ទៃដី៩៩,៧៥ ហិកតា នៅតំបន់ខ្ជាយភូមិ សំបួរ ឃុំពពក ស្រុកស្ទោងខេត្តកំពង់ធំតាមលិខិតចុះថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២០ របស់ឈ្មោះ ង៉ូវ វណ្ណាលីន ដែលមានអាស័យដ្ឋានស្ថិតនៅភូមិទី ៩ សង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកបានលើកឡើងថាក្រោយពីបានចុះត្រួតពិនិត្យលើទីតាំងជាក់ស្ដែងក្រុមការងារបានធ្វើរបាយការណ៍ជូនទៅអភិបាលខេត្តកំពង់ធំដែលមានខ្លឹមសារដូចខាងក្រោម៖
ចំពោះទីតាំងស្នើសុំធ្វើការឈូសឆាយពង្រាបដីដំបូកនឹងគល់ឈើលើផ្ទៃដីទំហំ ៩៩,៧៥ ហិចតាមានចម្ងាយពីថ្នល់ជាតិលេខ៦ប្រមាណ៨គីឡូម៉ែត្រជាដីស្រែនិងចម្ការពន្លេចរចាស់របស់ប្រជាពលរដ្ឋដែលបានទិញលក់តាំងពីឆ្នាំ ២០០៣-២០០៤ មកម៉្លេះហើយត្រូវបានម្ចាស់ធ្វើការកាយក្រវ៉ាត់ព្រំតាំងពីឆ្នាំ២០០៦និងទីតាំងដីនេះនៅក្នុងឆ្នាំ២០១២ ក្រុមការងារនិស្សិតបានចុះវាស់វែងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលបទបញ្ជា០០១ (បប១)ដើម្បីចែកជូនប្រជាពលរដ្ឋដែលបានកាន់កាប់និងអាស្រ័យផលជាក់ស្ដែងហើយទីតាំងនេះត្រូវបានក្រុមការងារនិស្សិតបានចុះវាស់វែងមួយចំនួនធំផងដែរ។
ក្រោយពីការចុះពិនិត្យយោបល់របស់ក្រុមការងារមាន
១.យោងតាមច្បាប់ភូមិបាលក្នុងមាត្រា៨៥បានចែងថាកម្មសិទ្ធិករនៃទ្រព្យជាអចលនវត្ថុមានសិទ្ធិប្រើប្រាស់អាស្រ័យផលនិងចាត់ចែងទ្រព្យរបស់ខ្លួនផ្ដាច់មុខនិងទូលំទូលាយកុំឲ្យតែយកទ្រព្យសម្បត្តិនោះទៅប្រើប្រាស់ក្នុងបទណាមួយដែលច្បាប់បានហាមឃាត់។
២.គួរអនុញ្ញាតឲ្យធ្វើការឈូសឆាយពង្រាបដីដំបូកនឹងគល់ឈើលើផ្ទៃដី ៤៩,៥០ ហិចតាជាដីដែលមានប័ណ្ណកម្មសិទ្ធិអចលនវត្ថុរួមលើផ្ទៃដីសរុប ៩៩,៧៥ហិចតាស្ថិតក្នុងតំបន់ខ្ជាយ ភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។
៣.ក្នុងករណីមានប៉ះចំណីអូរត្រូវរក្សាទុកអូចំនួន ១០ ម៉ែត្រសងខាងតាមលិខិតលេខ ៩៨ អនក្របកចុះថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០១៥ របស់ក្រសួងធនធានទឹកនិងឧតុនិយម។
៤.ត្រូវរក្សាទុកផ្លូវរទេះសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ជាប្រចាំ។
៥.នៅពេលធ្វើការឈូសឆាយក្នុងករណីមានទំនាស់ព្រំដីកើតឡើងម្ចាស់សំណើត្រូវទទួលខុសត្រូវដោយខ្លួនឯងក្នុងការដោះស្រាយជាមួយអ្នកជាប់ព្រំឲ្យបានរួចរាល់ជាមុនសិនទើបអាចធ្វើការឈូសឆាយបន្តទៀត។
៦.ត្រូវសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅពេលចុះអនុវត្តការងារឈូសឆាយដី
៧.ម្ចាស់សំណើត្រូវអនុវត្តតាមការកំណត់របស់ក្រុមការងារខេត្តក្នុងករណីមិនអនុវត្តតាមការកំណត់នោះម្ចាស់សំណើត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង។
លោកព្រឹម រដ្ឋា បញ្ជាក់ផងដែរថាមុនធ្វើរបាយការណ៍ឆ្លងទៅអភិបាល ខេត្តឯកភាពក្រុមការងារបាន ធ្វើរបាយការណ៍ដែលមានឯកសារយោងច្បាស់លាស់មិនដូចការលើកឡើងរបស់សារព័ត៌មានមួយចំនួនបានចុះផ្សាយថារូបលោកបានធ្វើបាយការណ៍បិទភ្នែកភូតកុហកអភិបាលខេត្តនោះទេ។