(កណ្ដាល)៖ មនុស្ស១១នាក់ហើយត្រូវបានស្លាប់ដោយសារសង្ស័យពុលស្រាសរ ក្រោយពួកគាត់នាំគ្នាលួចផឹកកំដរពិធីបុណ្យសពមួយកាលពីថ្ងៃទៅ ១០ ខែឧសភា ឆ្នាំ២០២១កន្លងទៅ ហើយមនុស្សស្លាប់ជាបន្តបន្ទាប់រហូតមកដល់ព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០០២១នេះ ក៍មានករណីស្លាប់ម្នាក់ទៀត សរុបអស់១១នាក់ ។ករណីនេះកើតឡើងនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ។ នេះបើតាមការបញ្ជាក់ពីលោកកន សុកកាយ អភិបាលស្រុកល្វាឯម បានថ្លែងបញ្ជាក់ឲ្យ ភ្នាក់ងារ ព័ត៍មាន សង្គមសន្តិភាព ប្រចាំខេត្តកណ្ដាលនៅព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២១នេះ ។ បើតាមការអះអាងពីលោកអភិបាលស្រុក ក្រុមអ្នកញៀនស្រាមួយក្រុមគ្នាគាត់ ប្រមាណ ជា២០នាក់ បានលួចទៅទិញស្រាសរពីតូបលក់ចាប់ហួយ និងតៀមស្រា ហើយនាំគ្នា លួចផឹកនៅក្នុងពិធី បុណ្យសព បើទោះបីជាអាជ្ញាធរធ្លាប់ប្រកាសក្ដែងៗរួចមកហើយ ពីការផ្អាកលក់ ស្រា និងផ្អាកលួចផឹកស្រាយ៉ាងណាក្ដី ។ លោកបញ្ជាក់ទៀតថា ករណីលួចលក់ស្រានេះដែរ អាជ្ញាធរបានចុះទៅប្រមូលស្រាសរទាំងអស់ពីតូបចំនួនជាង២០កាននៅតាមមូលដ្ឋាន ដើម្បីយកទៅពិនិត្យ ហើយមន្ត្រីកាំកុងត្រូលបានអះអាងបឋមថា រកឃើញជាតិមេតាណុលលើសកម្រិតនៅក្នុងស្រាសរ ទើបដាក់ការសង្ស័យបឋមថា មកពីសារធាតុនេះទើបបង្ករឲ្យមនុស្សពុលស្លាប់ ហើយនៅរង់ចាំលទ្ធផលច្បាស់ការណ៍ពីមន្ទីរ ពិសោធន៍នៅឯភ្នំពេញ ដែលគិតមកដល់ថ្ងៃនេះ ៣ថ្ងៃហើយ មិនទាន់ដឹងលទ្ធផលទៀត ។ រីឯម្ចាស់តូបលួចលក់ទាំងអស់ ត្រូវបានធ្វើកិច្ចសន្យាបញ្ឈប់ការលួចលាក់លក់ស្រា អំឡុងពេល វិធានការកូវីដ១៩នេះ ,បើសិនហ៊ានលួចលក់ទៀត នឹងចាត់ការតាមផ្លូវច្បាប់មិនខាន។ ហើយទីតាំងផលិតស្រាសរទាំងអស់ក៍ត្រូវបានចុះពិនិត្យនិងណែនាំ ព្រមទាំងបានផ្អាកបណ្ដោះ អាសន្នសិន រង់ចាំលទ្ធផលច្បាស់ការណ៍ពីខាងមន្ទីរពិសោធន៍សិន ។ បើករណីរកឃើញ នោះអាជ្ញាធរនឹងចាត់ការតាមផ្លូវច្បាប់មិនខានឡើយ ។ លោកអភិបាលស្រុកបញ្ជាក់ថា ការស្លាប់របស់ពួកគាត់មានជាបន្តបន្ទាប់អាស្រ័យលើ ស្ថានភាពសុខភាពរបស់ពួកគាត់ ពោលគឺអ្នកស្លាប់ភាគច្រើនអាយុ៥០ឆ្នាំជាង ដែលពួកគាត់ភាគច្រើនជាអ្នកនេសាទ ហើយជាក្រុមញៀនស្រា ដុះមេ ដោយតែងតែលួចផឹកស្ងាត់ៗ មិនបើមុខ ដែលជាការលំបាកសំរាប់អាជ្ញាធរតាមដាន ខណ:ដែលលោកធ្លាប់បានប្រកាស និងចេញសេចក្ដីណែនាំជារឿយៗស្ដីពីការផ្អាកលក់ស្រា ផ្អាកផឹកស្រាយ៉ាងណាក្ដី ប៉ុន្តែពួកគាត់លួចផឹកស្ងាត់ៗ និងលួចលក់ស្ងាត់ៗ ដែលកត្តានេះជាការលំបាកបំផុត ព្រោះពួកគាត់មិនសហការជាមួយអាជ្ញាធរឡើយ ។ លោក កន សុកកាយ អភិបាលស្រុកល្វាឯម បានបញ្ជាក់ទៀត ក្រោយស្លាប់ភ្លាម មន្ត្រីសុខាភិបាលបានចុះមកយកសំណាកពិនិត្យភ្លាមៗផងដែរ ក្រែងលោស្លាប់ដោយសារកូវីដ ប៉ុន្តែជាលទ្ធផលគឺ អវិជ្ជមាន ។ ហើយលោកក៍បានរៀបចំប៉ុស្តិ៍សុខភាពមួយនៅឯភូមិកើតហេតុតែម្ដង ដើម្បីជាភាពងាយស្រួលដល់អ្នកដែលដឹងខ្លួនថា ធ្លាប់បានផឹកស្រាសរកន្លងមក ត្រូវរួសរាន់ ស្ម័គ្រចិត្តមកពិនិត្យសុខភាពឲ្យបានរួសរាន់ ចៀសវាងកើតមានបញ្ហាធំទើបរត់រកពេទ្យ ហើយខ្លះមកមិនទាន់ក៍ដាច់ខ្យល់ស្លាប់ដូចករណីមនុស្សចំនួន១១នាក់ខាងលើ ។
លោកអភិបាលស្រុកក៍បានធ្វើការអំពាវនាវតាំងពីថ្ងៃកើតហេតុដំបូងមកម្លេះដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្លាប់បានផឹកស្រាសរ ត្រូវរួសរាន់មកពិនិត្យសុខភាព បើទោះបីជាគ្មានរោគសញ្ញា ធំដុំក៍ដោយ ប៉ុន្តែត្រូវតែប្រយ័ត្នដោយខ្លួនឯងផ្ទាល់ ចៀសវាងស្ថានភាពឲ្យកាន់តែឬធ្ងន់ធ្ងរឡើង ដែលជាការលំបាកក្នុងការសង្រ្គោះផងដែរ៕ ដោយ ភាវុន