ខេត្តស្វាយរៀង៖នាថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសហការី បានបន្តទទួលមូលនិធិមនុស្សធម៌ ពីលោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង និងសហការី រួមមាន ៖ អង្ក ៥០០ គ.ក្រ ទឹកសុទ្ធ ២០ កេស ទឹកត្រី ១០ យួរ ទឹកស៊ីអ៊ីវ ១០ យួរ មី ១២ កេស ម៉ាស ៥០ ប្រអប់ និងថវិកា ១ លាន រៀល ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក្នុងឱកាសខួបលើកទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ ក្រោមប្រធានបទ ” ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ” យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កាកបាទ ក្រហមកម្ពុជា និងសេចក្តីអំពាវនាវរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ជូនសប្បុរសជនទាំងក្នុង និងក្រៅខេត្ត បានបន្តចូលរួមឧបត្ថម្ភជាបន្តបន្ទាប់ទោះបីការផ្អាកប្រារព្ធមេទ្ទីងទាំងថ្នាក់កណ្តាល និងថ្នាក់សាខា ក៍ដោយ ។
ក្នុងព្រឹត្តិការណ៍ដែលពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា កំពុងខិតខំប្រឹងប្រែងគ្រប់គ្រង ផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរជំងឺកូវីដ-១៩ មកលើសង្គម និងសេដ្ឋកិច្ចជាតិ ។
ក្នុងឱកាសទទួលមូលនិធិនេះលោកជំទាវ ដួង វណ្ណា បានថ្លែងអំណរគុណការចំពោះវិភាគទានដ៏ សប្បុរសពីលោក ជូ សុធី និងសហការី ព្រមទាំងឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាសប្បុរសជន ទាំងក្នុង វិស័យសាធារណៈ និងវិស័យឯកជន ដែលបានចូលរួមវិភាគទាន ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្វាយរៀង ជាបន្តបន្ទាប់ ។
លោកជំទាវបានបន្តទៀតថា មូលនិធិដែលសាខាទទួលបានពីសប្បុរសជន កន្លងមកក៍ដូចជា ពេលនេះពិតជា មានសារៈសំខាន់ ដើម្បីឆ្លើយតប សេចក្តីត្រូវការចំពោះ ជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយ នៅក្នុងខេត្ត បានទាន់ពេលវេលា ។លោកជំទាវ សង្ឃឹមនឹងជឿជាក់ថា សប្បុរសជន និងបន្តចូលរួមវិភាគទានបន្តទៀត ដើម្បីទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀងបន្តទៀត ។ដោយ សាយ ហ្គន