ខេត្តប៉ៃលិន ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តប៉ៃលិន បានឱ្យដឹងថា ៖ នៅថ្ងៃទី១៨ ឧសភា ២០២១ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តប៉ៃលិន បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៣ករណី ដែលមានឈ្មោះ ដូចខាងក្រោម ៖
ទី១. ឈ្មោះ សុង រ៉ា ភេទស្រី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ខោអាវជជុះផ្សារកូនដំរី រស់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទី២. ឈ្មោះ សូ ញាក់ ភេទប្រុស អាយុ៦២ឆ្នាំ (ប្តី) ជនជាតិខ្មែរ និងទី៣. ឈ្មោះ ថា វី ភេទស្រី អាយុ៦២ឆ្នាំ (ប្រពន្ធ) ជនជាតិខ្មែរ ទាំងពីរនាក់ ធ្វើចំការ រស់នៅភូមិធ្លោកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ប្រភពបន្តទៀតថា ប្រវត្តិនៃការធ្វើដំណើរ ៖ នៅថ្ងៃទី១៦ ខែឧសភា វេលាម៉ោង៦ និង០០នាទីព្រឹក ស្រ្តីឈ្មោះ សុង រ៉ា បានធ្វើដំណើរចេញពីស្រុកម៉ាឡៃ ឆ្ពោះទៅផ្ទះប្អូននៅភូមិកូនដំរី ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្នាក់ទីនោះ១យប់ (ផ្ទះប្អូនខាងក្រោយការ៉ាសសាំងកូនដំរី)។ នៅថ្ងៃទី១៧ ខែឧសភា ស្រ្តីឈ្មោះ សុង រ៉ា បានធ្វើដំណើរចេញពីភូមិកូនដំរី ឃុំនិមិត្ត សំដៅមកភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីយកខោអាវមកលក់នៅផ្សារព្រំ ។ ប៉ុន្តែ ពេលមកដល់ចំណុចព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ក្រុមឆ្លើយតបបន្ទាន់ មន្ទីរសុខាភិបាល ប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យសុខាភាពភ្នំកុយ បានធ្វើតេស្តរហ័សចំនួន០៣លើក ឃើញវិជ្ជមាន ហើយក្រុមការងារ បានបញ្ជូនវត្ថុសំណាកទៅធ្វើតេស្តនៅមន្ទីរពិសោធន៍ ខេត្តបាត់ដំបង លទ្ធផលវិជ្ជមានដដែល ។
ប្រភពបញ្ជាក់ថា ៖ នៅថ្ងៃទី១៦ ខែឧសភា បុរសឈ្មោះ សូ ញាក់ និងប្រពន្ធឈ្មោះ ថា វី បានធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួនម៉ាក Mazda ពាក់ស្លាកលេខ ភ្នំពេញ 2AG-5445 ពណ៌ស អ្នករួមដំ ណើរ០៥នាក់ ចេញពីភូមិធ្លោកវៀន ឃុំធ្លោកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឆ្ពោះមកភូមិអូរដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ក្នុងពេលធ្វើដំណើរ បានឈប់កន្លែងចាក់សាំង នៅម្តុំពុកឆ្មា មានលក់សត្វស្លាប (ខេត្តបាត់ដំបង រួចបន្តដំណើរចូលតាមច្រករ៉ែដែក ស្រុកសំឡូត មកខេត្តប៉ៃ លិន វេលាម៉ោង៥ និង០០នាទីល្ងាច) ។ ចំណែក អ្នកប៉ះពាល់ជាមួយ ឈ្មោះ សុង រ៉ា មាន ឈ្មោះ ពៅ រស់នៅភូមិកូនដំរី ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងអ្នកបើកបររថយន្ត ដោយមានអ្នករួមដំណើរ០៤នាក់ ។ បច្ចុប្បន្ន មន្ត្រីសុខាភិបាល ខេត្តប៉ៃលិន បាននាំយកទៅធ្វើចត្តាឡីស័ករួចហើយ ។ ចំណែកអ្នកប៉ះពាល់ជាមួយនឹងឈ្មោះ សូ ញាក់ ភេទប្រុស មានប្រពន្ធ ឈ្មោះ ថា វី មានដូចខាងក្រោម ៖ ទី១. ឈ្មោះ ញ៉ង ផេង ភេទប្រុស អាយុ៤១ឆ្នាំ ទី២. ឈ្មោះ ហូរ រ៉េត ភេទស្រី អាយុ៣៩ឆ្នាំ ទី៣. ឈ្មោះ មាន ធារ៉ា ភេទប្រុស អាយុ០៨ឆ្នាំ ទី៤. ឈ្មោះ មាន បញ្ញា ភេទប្រុស អាយុ០២ឆ្នាំ ទី៥. ឈ្មោះ លី ស្មាអែល ភេទប្រុស អាយុ២៣ឆ្នាំ ទី៦. ឈ្មោះ ម៉ាន់ ទួន ភេទប្រុស អាយុ២៥ឆ្នាំ ទី៧. ឈ្មោះ អុង ចាន់រី ភេទប្រុស អាយុ២៣ឆ្នាំ ទី៨. ឈ្មោះ វ៉ាន ស៊ីណា ភេទប្រុស អាយុ១៨ឆ្នាំ ទី៩. ឈ្មោះ អេង ឆន ភេទប្រុស អាយុ៥៩ឆ្នាំ ទី១០. ឈ្មោះ តាត ណៃ ភេទប្រុស អាយុ២៤ឆ្នាំ ទី១១. ឈ្មោះ សុក ខឿន ភេទស្រី អាយុ២៣ឆ្នាំ ។ ទោះបីជាយ៉ាងណា ឈ្មោះ សុង រ៉ា មិនទាន់បានឆ្លង ចូលមកក្នុងទឹកដីខេត្តប៉ៃលិន ដូច្នេះ មិនទាន់មានការប្រាស្រ័យទាក់ទងផ្ទាល់ ឬប្រយោលជាមួយអ្នកទាំងអស់ខាងលើឡើយ សូមតាមដានសុខភាព ត្រូវយកវត្ថុសំណាកទៅពិនិត្យនៅមន្ទីរសុខាភិបាល ឬមន្ទីរពេទ្យបង្អែកខេត្ត ។ អាស្រ័យដូចបានជម្រាបខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ ៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕ ដោយ ៖ នីយ៉ា