កណ្តាល ៖ បន្ទាប់ពីមានបណ្តាញសារព័ត៌មាននិងបណ្តាញសង្គមមួយចំនួន បានធ្វើការផ្សព្វផ្សាយជា បន្តបន្ទាប់ពីករណីមន្រ្តីប៉ូលិសម្នាក់យកកាំភ្លើងបាញ់ឆ្កែចំនួន៤គ្រាប់ ដោយខឹងឆ្កែដេញខាំ បណ្តាលឱ្យមានប្រជាពលរដ្ឋនៅក្បែរនោះភិតភ័យ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២១នេះ ប៉ូលិសខេត្តកណ្តាលបានបំភ្លឺពីរឿងហេតុដែលបានកើតឡើង។
ប៉ូលិសនិយាយថា ក្រោយពីទទួលបានព័ត៌មានករណីខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការប៉ូលិសខេត្តកណ្តាល បានចាត់ឱ្យផែនការងារធនធានមនុស្សដែលមាន ការិយាល័យបុគ្គលិកជាសេនាធិការ បានចុះស្រាវជ្រាវករណីខាងលើ។ ជាលទ្ធផល
នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ផ្អែកតាមការចុះស្រាវជ្រាវរបស់ការិយាល័យបុគ្គលិក និងផ្អែកតាមកំណត់ហេតុរបស់ប៉ូលិសប៉ុស្តិ៍រដ្ឋបាលតាខ្មៅ បានបញ្ជាក់ដូចខាងក្រោម។
មន្រ្តីប៉ូលិសដែលបានយកកាំភ្លើងបាញ់ឆ្កែនោះ គឺលោកអនុសេនីយ៍ឯក អ៊ុន សំអាត អត្តលេខ ៦៥១៤៤ អាយុ៣៥ឆ្នាំ ជាមន្រ្តីនៅការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋានប៉ូលិសខេត្តកណ្តាល មានទីលំនៅភូមិក្រពើហារ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ដែលបានប្រើប្រាស់កាំភ្លើងខ្លី ០១ដើម (ប្រើខ្យល់) ម៉ាក PIETRO BERTTA លេខ J59931 FH មានគ្រាប់ជ័រពណ៌សតូចៗ ០៨គ្រាប់ បាញ់អស់០៣គ្រាប់ នៅសល់០៥គ្រាប់។
តាមការបំភ្លឺពីលោកអនុសេនីយ៍ឯក អ៊ុន សំអាត បានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៦និង៣០នាទីល្ងាច លោកបាននាំប្រពន្ធ និងកូនទៅលេងផ្ទះម្តាយបង្កើតនៅចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ហើយបានជិះម៉ូតូតែម្នាក់ឯងគោលបំណងទៅយកក្មួយមកញាំនំនៅផ្ទះម្តាយ ។
លុះពេលជិះដល់មុខផ្ទះរបស់ឈ្មោះ ភា ដែលជាកន្លែងលក់ទឹកត្នោតជូរ ស្រាប់តែមានឆ្កែពីរក្បាលរត់មកខាំជើងរបស់លោក អ៊ុន សំអាត តែមិនមុតលោកក៏ជិះម៉ូតូទៅផុតទៅ។ មួយសន្ទុះក្រោយមកលោកជិះម៉ូតូមកវិញដល់ចំណុចមុខផ្ទះឈ្មោះ ភា ដដែលស្រាប់តែឆ្កែនោះរត់មកខាំជើងលោកម្តងទៀតតែមិនមុតដោយសារពាក់ស្បែកជើងឃ្លុប។
ពេលនោះលោកបានស្រែកតែម្ចាស់ឆ្កែធ្វើមិនដឹង មិនបានឃាត់ឆ្កែទេ ទើបលោកខឹងបានជិះម៉ូតូទៅយកកាំភ្លើងខ្លីប្រើខ្យល់បាញ់គ្រាប់ជ័រពណ៌សតូចៗ សៀតនៅចង្កេះជិះម៉ូតូកាត់មុខផ្ទះនោះម្តងទៀត ស្រាប់តែឆ្កែនោះរត់មកខាំទៀត ទើបលោកដកកាំភ្លើងបាញ់សំដៅឆ្កែចំនួនបីគ្រាប់តែមិនត្រូវទេ។
បច្ចុប្បន្នលោកអនុសេនីយ៍ឯក អ៊ុន សំអាត កំពុងត្រូវបានសួរនាំរួមជាមួយកាំភ្លើងខ្លី០១ដើម គ្រាប់ជ័រពណ៌សតូចៗ ០៥គ្រាប់ ត្រូវបានដកហូត នៅការិយាល័យបុគ្គលិក រង់ចាំការសម្រេចពីក្រុមប្រឹក្សាអនុវត្តវិន័យ៕ ភាវុន