ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃ អង្គារ ៧ កើត ខែ ជេស្ឋឆ្នាំ ឆ្លូវ ទោស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០២១នេះមន្ត្រីសាខា ក ប ប ខេត្តស្វាយរៀងដឹកនាំដោយលោក ផឹង និល ប្រធានសាខា ក ប ប ខេត្តបានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលអាកុល ជែលលាងដៃ និង តាមដានតំលៃទំនិញ( ជាពិសេសតំលៃអាកុល ស្លាកសញ្ញា តំលៃ ម៉ាស់ ) នៅតាមបណ្ដា ឪសថស្ថាននិងផ្ទះលក់ដូរជុំវិញផ្សារវាលយន្តក្រុង ស្វាយរៀងខេត្តស្វាយរៀង។
បើតាមលោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងបាឲ្យដឹងថា៖រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ពង្រឹងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩នោះមន្ត្រីសាខា ក ប ប ខេត្តស្វាយរៀងនៅតែបន្តចុះត្រួតពិនិត្យរាល់មុខទំនិញគ្រប់ប្រភេទដែលដាក់តាំំងលក់នៅតាមទីផ្សារជាក់ស្តែងមន្ត្រីជំនាញយើងបានពិនិត្យទៅលើ អាកុល ជែលលាងដៃនៅតាម ឪសថស្ថាននិងផ្ទះលក់ដូរជុំវិញផ្សារវាលយន្តក្រុងស្វាយរៀងចំនួន ៦ ទីតាំងនិងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមទៅលើអាកុល និង ជែលលាងដៃទាំង ៦ ទីតាំងដើម្បីស្វែងរកអាកុលក្លែងក្លាយ ។
លោកប្រធានសាខាបានបន្តទៀតថា៖ជាលទ្ធផលក្រោយការចុះអនុវត្តការងារមន្ត្រីជំនាញយើងបានរកឃើញទំនិញអាល់កុលក្លែងក្លាយអាកុល ១ កាន ស្មើ ៣០ លីត្រ អាកុលវិចខ្ចប់ច្រកដប ៤៥ យួរ ក្នុងមួយយួរមាន ១២ ដប ក្នុង១ដបស្មើ ០ , ៥ លីត្រ សរុបទាំងអស់ស្មើ ២៧០ លីត្រ ។
លោក ផឹង និល បានបញ្ជាក់ថា៖មន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញអាកុលក្លែងក្លាយទាំងអស់នោះហើយនិងធ្វើការដុតកម្ទេចចោលតែម្តង ។
លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងបានណែនាំដល់ក្រុមអាជីវករនិងអ្នកនាំចូលអាល់កុលទាំងអស់ចូលរួមសហការ និងអាជ្ញាធរ ដោយនាំចូលនូវអាកុលសុទ្ធនិងសូមកុំដាក់លក់នូវមុខទំនិញក្លែងក្លាយព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់និងងាយឆ្លងជំងឺថែមប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ផងដែរ។
ហើយបើអាជីវករមានការសង្ស័យលើអាកុលសុទ្ធមិនសុទ្ធអាជីវករអាចទាក់ទងមកមន្ត្រីជំនាញឬអាចមកសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងដើម្បីធ្វើ Test Kits បឋមទៅលើអាកុលឬមុខទំនិញដែលយើងសង្ស័យ។
លោក ផឹង និល ក៏បានអពាវនាវដ៏បងប្អូនប្រជាពលរដ្ឋចូលរួមរក្សាអនាម័យ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលព្រមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ៣ការពារ ៣កុំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ។