រដ្ឋបាលខេត្តសៀមរាប ប្រកាសបិទការចេញ-ចូលជាបណ្ដោះអាសន្ន ទីតាំង ផ្ទះ អាជីវកម្មដ្ឋាន ចំនួន១៦ទីតាំង ក្នុងភូមិសាស្រ្តទូទាំងខេត្ត ដោយសារជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩

សៀមរាបៈ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាស ព័ត៌មានមួយ ដោយសម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន ទីតាំង ផ្ទះ អាជីវកម្មដ្ឋាន ចំនួន១៦ទីតាំង ក្នុងភូមិសាស្រ្តទូទាំងខេត្ត ចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះតទៅ រហូតដល់មានការជូន ដំណឹងជាថ្មីឡើងវិញ  ដោយសារទីតាំងទាំងនោះមានជាប់ពាក់ ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩   រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ទៀតថា៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ ឈ្មោះ គេង រ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅសង្កាត់បឹងកក់១  ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរជាបុគ្គលិកក្រុមហ៊ុនលក់ សំបកកង់ឡាន Wing Force ហើយតាមរយៈលទ្ធផលនៃការស្រាវជ្រាវរបស់ រដ្ឋបាលខេត្តប៉ៃលិន បង្ហាញថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ឆ្លាប់បានធ្វើដំណើរទៅកាន់ទីតាំងមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប មាន១៦ទីតាំង នៅថ្ងៃទី១១ និង ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ។អាជីវកម្មដ្ឋានជួសជុល និងលក់សំបកកង់រថយន្ត និងផ្ទះសំណាក់ ដែលរដ្ឋបាលខេត្តសៀមរាប ប្រកាសបិទរួមមាន ៖

១. ដេប៉ូលក់សំបកកង់រថយន្ត ឈ្មោះ ម៉េង លាង នៅផ្សារកំពង់ក្តី ស្រុកជីក្រែង ,

២. ដេប៉ូលក់សំបកកង់រថយន្ត ឈ្មោះ ជា ពិសិដ្ឋ នៅផ្សារដំដែក ស្រុកសូទ្រនិគម ,

៣. ដេប៉ូលក់សំបកកង់រថយន្ត ឈ្មោះ លិ រិន នៅកែងស្តុបចុងកៅស៊ូ ក្រុងសៀមរាប ,

៤. ផ្ទះសំណាក់ វ៉ៃ ហុងអង្គរ នៅចំហៀងខាងលិចធនាគារABA ផ្សារលើ ក្រុងសៀមរាប

៥. អាហារដ្ឋានមួយកន្លែងនៅជិតផ្ទះសំណាក់ វ៉ៃ ហុងអង្គរ

៦.អាហារដ្ឋាននៅជាប់គ្នានឹងដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ធា សាំងហុក នៅស្រុកពួក ,

៧.ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ឆេង ប៊ុនថឹង នៅស្រុកក្រឡាញ់  ,

៨.ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ធា សាំងហុក នៅស្រុកពួក

៩. ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ គីម ម៉េង នៅផ្លូវក្រវ៉ាត់ក្រុង ក្រុងសៀមរាប ,

១០. ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ គឹម ជឿន នៅផ្លូវក្រវ៉ាត់ក្រុង ក្រុងសៀមរាប ,

១១. ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ អ៊ុក សុខា នៅផ្លូវ៣០ម៉ែត្រ ក្រុងសៀមរាប ,

១២. ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ណារ៉ា នៅផ្សារក្រោម ក្រុងសៀមរាប ,

១៣. ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ស៊ុន សារ៉ាត់ នៅស្តុបចុងកៅស៊ូ ក្រុងសៀមរាប ,

១៤. ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ លី ប៊ុនឃាង នៅម្តុំស្តុបចុងកៅស៊ូ ក្រុងសៀមរាប ,

១៥. ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ស៊ុន សារិន ម្តុំផ្សារស្វាយធំ  ស្រុកប្រាសាទបាគង និង

១៦. ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ជាង រ៉ាត់ នៅផ្សារស្វាយលើ ស្រុកស្វាយលើ ។

រដ្ឋបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានចេញ-ចូលទីតាំងផ្ទះ អាជីវកម្មដ្ឋាន ទាំង១៦កន្លែងចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១មក សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ហើយប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៨១នាក់ ក្នុងនោះបាន ព្យាបាលជាសះស្បើយចំនួន២៤នាក់ , កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប  ចំនួន៥៥នាក់ និង ស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ ដែលគាត់ទាំងពីរនាក់ ជាអ្នកជំងឺខូចតម្រោងនោមធ្ងន់ធ្ងរ និង រ៉ាំរ៉ៃ មុននឹងគាត់មានវិជ្ជមានជំងឺកូវីដ-១៩ ៕ ដោយ តាំង ហូ

You might like

Leave a Reply

Your email address will not be published. Required fields are marked *