មន្រ្តីសុខាភិបាល រកឃើញករណី វិជ្ជមានវីរុសកូវីដ-១៩ លើអ្នកធ្វើដំណើរម្នាក់ទៀត នៅខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី១៥ ឧសភា ២០២១ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា ៖ កាលពីថ្ងៃទី១៤ ឧសភា ២០២១ ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានរកឃើញវិជ្ជមាន ជំងឺកូវីដ-១៩ លើឈ្មោះ គេង រ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំ មានអាស័យដ្ឋាន នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ អ្នកលក់សំបកកង់រថយន្តក្រុមហ៊ុន Wing Force ។

ប្រភពបន្តទៀតថា នៅថ្ងៃទី០៧ ឧសភា ២០២១ ឈ្មោះ គេង រ៉ាវី បានធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តតាកែវ, ខេត្តកំពត និងខេត្តកែប ដោយបើកបររថយន្តម៉ាកព្រូស ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 2 AJ- 7498 ហើយបានសម្រាកនៅខេត្តកែប១យប់ (មិនចាំឈ្មោះផ្ទះសំ ណាក់) ។ នៅថ្ងៃទី០៨ ឧសភា បានចេញដំណើរពីខេត្តកែប បន្តទៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានសម្រាកនៅទីនោះ១យប់ (មិនចាំឈ្មោះផ្ទះសំណាក់) ។ នៅថ្ងៃទី០៩ ឧសភា បានចេញដំណើរពីឃុំវាលរេញ ឆ្ពោះទៅកាន់ខេត្តកោះកុង ហើយសម្រាកនៅទីនោះ១យប់ (មិនចាំឈ្មោះផ្ទះសំណាក់) ។ នៅថ្ងៃទី១០ ឧសភា ចេញពីខេត្តកោះកុង មករាជធានីភ្នំពេញ ហើយស្នាក់នៅទីនោះមួយយប់ ។ នៅថ្ងៃទី១១ ឧសភា បានចេញដំណើរពីភ្នំពេញ ទៅកាន់ខេត្តកំពង់ធំ និងសៀមរាប សម្រាកនៅខេត្តសៀមរាបមួយយប់ (មិនចាំឈ្មោះផ្ទះសំណាក់) ។ នៅថ្ងៃទី១២ ឧសភា ២០២១ បានចេញដំណើរពីខេត្តសៀមរាប ឆ្ពោះទៅកាន់ខេត្តព្រះវិហារ សម្រាកនៅផ្ទះសំណាក់ឈ្មោះ ម៉ាលីម៉ា១យប់ ។ នៅថ្ងៃទី១៣ ឧសភា ចេញដំណើរពីខេត្តព្រះវិហារ ឆ្ពោះទៅកាន់ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សម្រាកនៅផ្ទះសំណាក់ សោភា១យប់ ។ នៅថ្ងៃទី១៤ ឧសភា បានចេញពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្ពោះទៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដោយត្រូវឆ្លងកាត់ខេត្តប៉ៃលិន ។ ប៉ុន្តែ ពេលមកដល់ចំណុចព្រំប្រទល់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ក្រុមឆ្លើយតបបន្ទាន់ មន្ទីរសុខាភិបាលខេត្តប៉ៃលិន ប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ បានធ្វើតេស្តរហ័ស០២លើក រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ហើយក្រុមការងារបានបញ្ជូនវត្ថុសំណាកទៅធ្វើតេស្តនៅមន្ទីរពិសោធន៍ខេត្តបាត់ដំបង លទ្ធផលវិជ្ជមានដដែល ។

អ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដឥ១៩ ឈ្មោះ ជួន វុទ្ធា ភេទប្រុស អាយុ២៩ឆ្នាំ អ្នកលក់សំបកកង់រថយន្តក្រុមហ៊ុន Wing Force ដែលមានអាសយដ្ឋាននៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើដំណើរ និងស្នាក់នៅជាមួយនឹងឈ្មោះខាងលើ ប៉ុន្តែលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា ៖ បុរសទាំងពីរខាងលើ មិនទាន់បានឆ្លងចូលមកក្នុងទឹកដីខេត្តប៉ៃលិន ដូច្នេះពួកគាត់មិនទាន់មានការប្រាស្រ័យទាក់ទងជាមួយសាច់ញាតិ ឬបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តនេះនៅឡើយទេ ។ រដ្ឋបាលខេត្តប៉ៃលិន សូមអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលធ្លាប់មានការប្រាសស្រ័យទាក់ទងដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកទាំងពីរនាក់ខាងលើ ជាពិសេសផ្ទះសំណាក់តាមបណ្តាខេត្ត ដែលបុរសទាំងពីរ ធ្លាប់បានស្នាក់នៅក្នុងរយ:ពេលធ្វើដំណើរសូមតាមដានសុខភាព និងត្រូវយកវត្ថុសំណាកទៅពិនិត្យនៅមន្ទីរសុខាភិបាល ឬមន្ទីរពេទ្យបង្អែកខេត្ត ឬមណ្ឌលសុខភាព ដែលនៅជិតបំផុតរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាកផង) ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *