ត្បូងឃ្មុំ: ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត អមដំណើរ ដោយ មន្ត្រី ពាក់ព័ន្ធ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បាននាំយកអំណោយ មនុស្សធម៌ សាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋរង គ្រោះដោយ ខ្យល់កន្ត្រាក់ ចំនួន១៦៥គ្រួសារ នៅ ២ទីតាំង ផ្សេង គ្នា ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ក្នុងឳកាសនោះដែរ ឯកឧត្តម ជាម ច័ន្ទ សោភ័ណ អភិបាលខេត្ត ត្បូងឃ្មុំ បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែល តែងតែ មាន ក្តី ព្រួយបារម្ភ និង គិតគូរពីសុខទុក របស់ បងប្អូន ប្រជាពលរដ្ឋ គ្រប់ពេលវេលា។ ជាមួយគ្នា នោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានណែនាំ ដល់អាជ្ញាធរត្រូវក្តាប់ឲ្យជាប់នូវរាល់ជនរងគ្រោះ ជនងាយរងគ្រោះ និងពលរដ្ឋក្រីក្រដោយសារកូវីដ-១៩ ដើម្បីផ្តល់ជូននូវស្បៀងអាហារ និងថវិកា ក្នុងការដោះស្រាយ ជីវភាពជាក់ស្តែង ដោយមិនទុកឲ្យ ពលរដ្ឋ ណាម្នាក់ ស្លាប់ដោយសារអត់អាហារនោះឡើយ។
បន្ថែមពីនោះអាជ្ញាធរ មូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយសារអប់រំ ឲ្យ បានជាប់ជាប្រចាំដល់ប្រជាពលរដ្ឋ នូវវិធានការ ៣ការពារ 3កុំ ក៏ដូចជាកម្រិតផាកពិន័យ និងទោសទណ្ឌ ដើម្បីជាការក្រើនរំលឹកដល់ ប្រជាពលរដ្ឋ ក្នុងការចូលរួមអនុវត្តវិធានការ បង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
បើតាមលោក វង វ៉ាន់នី នាយកសាខាកាកបាទក្រហមខេត្ត បានឲ្យដឹងថា ចំពោះអំណោយដែល ផ្តល់ជូនទាំង១៦៥គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ប្រេងឆា១ដប និងថវិកាចំនួន ៥ម៊ឺនរៀលផងដែរ ៕