ខេត្តប៉ៃលិន ៖ បន្ទាប់ពីមន្រ្តី នៃមន្ទីរសុខាភិបាល និងក្រុមការងារ ប្រចាំការនៅតាមគោលដៅព្រំប្រទល់នីមួយៗ នៃខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដើម្បីធ្វើការពិនិត្យទៅលើអ្នកដំណើរចេញចូល ស្រា ប់តែក្រោយមកឃើញមានមនុស្ស២នាក់ បានផ្ទុកមេរោគកូវីដ-១៩ ទើបរដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃសុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ទាំងអស់គ្នា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ ដ៏កាចសាហាវមួយនេះ ។
យោងតាមលិខិតសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ៖ រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តទាំងអស់ ឱ្យបានជ្រាបថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តប៉ៃលិន បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០២នាក់ គឺ៖
ទី១. ឈ្មោះ សុខ ឆេងហុង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បម្រើការនៅការ៉ាស់ រថយន្ត LS 888 រាជធានីភ្នំពេញ (នៅផ្លូវ២០០៤ហៅផ្លូវម៉ៃដា)
ទី២. ឈ្មោះ ប៊ុន ទាវ ភេទស្រី ជនជាតិខ្មែរ មុខរបរមេផ្ទះ មកពីក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពបញ្ជាក់ថា ប្រវត្តិនៃការធ្វើដំណើរ កាលពីថ្ងៃទី០៧ ឧសភា ២០២១ អ្នកទាំងពីរនាក់ រួមនឹងមនុស្សចំនួន០២នាក់ (តៃកុង និងភ្ញៀវ០១នាក់) បានចេញដំណើរពីរាជធានីភ្នំពេញ មកភូមិផ្សារព្រំ ជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយបានឈប់ពិសាអាហារនៅហួសក្រុងពោធិ៍សាត់ (មិនចាំឈ្មោះហាង) ។ បន្ទាប់មក បានឈប់ចាក់ហ្គាសចម្ងាយប្រហែល៥០គីឡូម៉ែត្រ ពីកន្លែងហាងអាហារ ។ ពេលពួកគាត់ មកដល់ចំណុចព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ក្រុមឆ្លើយតបបន្ទាន់ មន្ទីរសុខាភិបាល បានធ្វើតេស្តរហ័ស លទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ ។ ដោយសារពួកគាត់ធ្វើដំណើរចេញពីតំបន់ក្រហម អាជ្ញាធរខេត្តប៉ៃលិន បានតម្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័កនៅគេហដ្ឋាន នៅក្នុងបន្ទប់ដាច់ដោយឡែក ។ លុះដល់ព្រឹកថ្ងៃទី១៤ ឧសភា ២០២១ ជាថ្ងៃកំណត់ត្រូវយកសំណាកលើកទី០២ លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ។ អ្នកប៉ះពាល់ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ រួមមាន ៖ អ្នកបើកបររថយន្តតាក់ស៊ី អ្នករួមដំណើរចំនួន០១នាក់ទៀត ដែលជិះរថយន្តតាក់ស៊ីជាមួយគ្នា និងក្រុមគ្រួសារចំនួន១៤នាក់ ដែលរស់នៅដោយប្រយោលជាមួយអ្នកទាំងពីរ បានធ្វើតេស្តលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ ។ ដូច្នេះ រដ្ឋបាលខេត្តប៉ៃលិន ក៏សូមអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលធ្លាប់មានការប្រាស្រ័យទាក់ទងជាមួយអ្នកទាំងពីរនាក់ខាងលើ សូមតាមដានសុខភាព និងត្រូវយកវត្ថុសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត ឬមណ្ឌលសុខភាព ដែលនៅជិតបំផុតរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាកផង) ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ពួននូវវិធានការ «៣ការពារ ៣កុំ) របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕ ដោយ ៖ នីយ៉ា