កណ្តាល ៖ ជនសង្ស័យ២នាក់ចំណោម៣នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍រដ្ឋបាលរកាខ្ពស់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃទី១៣ឧសភាឆ្នាំ២០២១ វេលាម៉ោង៩និង១៥នាទី នៅចំណុចភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះម៉េត ម៉ន ភេទប្រុស អាយុ១៨ឆ្នាំរស់ នៅភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ត្រី(ឃាត់ខ្លួន), ២-ឈ្មោះទីន ទី ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាល មុខរបរលក់ត្រី (ឃាត់ខ្លួន)និង៣-ឈ្មោះអឿន សារ៉ាត ភេទប្រុស អាយុ២៤ឆ្នាំរស់នៅភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (រត់គេចខ្លួន)។ វត្ថុតាងចាប់យករួមមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន២៨កញ្ចប់ធំ០១តូច២៧ កញ្ចប់,ទូរសព្ទដៃ០២គ្រឿង (ម៉ាកVIVO១គ្រឿង,ម៉ាកNOKIA អិនចុចពិល ពណ៌ខៀវ០១ គ្រឿង), ម៉ូតូម៉ាកYAMAHA MiDមួយគ្រឿង ,លុយខ្មែរចំនួន ១២៥០០រៀលនិងដែកកេះ១ថង់ដាក់ថ្នាំពណ៌ក្រហម០១។
ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលរកាខ្ពស់ បានធ្វើការចេញល្បាតក្នុងភូមិសាស្រ្ត ក៏ប្រទះឃើញជនសង្ស័យ៣នាក់ ជិះម៉ូតូម៉ាកYAMAHAចេញមកពីភូមិព្រែកខ្សេវ កម្លាំងប៉ូលិស ឃើញបានឃាត់សួរនាំហើយមានការសង្ស័យធ្វើការឆែកឆេររកឃើញសារធាតុញៀននៅជាប់ខ្លួនជនសង្ស័យឈ្មោះម៉េត ម៉ន ចំនួន២៨កញ្ចប់ ។ចំណែកជនសង្ស័យឈ្មោះអឿន សារ៉ាត បានរត់គេចខ្លួន។ បន្ទាប់មកនៅសល់ជនសង្ស័យ០២នាក់ លោកនាយប៉ុស្តិ៍បានរាយការណ៍ជូនលោក អធិការធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់យកមកប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ។នៅចំពោះមុខសមត្ថកិច្ច ,ជនសង្ស័យឈ្មោះម៉ន ម៉េតបានសារភាពថា «ថ្នាំញៀនដែលនៅជាប់ខ្លួនគឺជាថ្នាំរបស់ឈ្មោះអឿន សារ៉ាត បានឱ្យខ្លួនរក្សាទុក»។ បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបាន បញ្ជូនមកផ្នែកជំនាញ នៃអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ភាវុន