ខេត្តស្វាយរៀង៖នាថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២១ នៅទីស្នាក់ការ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធាន គណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្ត បានធ្វើពិធីប្រគល់ ទទួលមូលនិធិពីសប្បុរសជន គឺលោក លីវ ថោវ (Liv Thao) អ្នក គ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ២០,០០០ ដុល្លារ (ម្ភៃពាន់ដុល្លារ) និង លោក សេង ប៊ុនណ្ណាត ប្រធានអង្គភាពអគ្គិសនីស្វាយរៀង ២,០០០ ដុល្លារ (ពីរពាន់ដុល្លារ) ក្នុងឱកាស អបអរខួបទី ១៥៨ ទិវា ពិភពលោក កាកបាទ ក្រហម អឌ្ឍចន្ទ ក្រហម ៨ ឧសភា ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយ កាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ” ។
យោងតាមសេចក្តី ប្រកាស់ព័ត៌មានរបស់កាកបាទក្រហមកម្ពុជា សេចក្តីអំពាវនាវជូនឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជននៅក្នុង និងក្រៅខេត្ត បានឆ្លើយតបចូលរួមឧបត្ថម្ភជាបន្តបន្ទាប់ទោះបី ការផ្អាកប្រារព្ធមេទ្ទីងទាំងថ្នាក់កណ្តាល និងថ្នាក់សាខា ក៍ដោយ ។ នៅក្នុងពិធីប្រគល់នេះឯកឧត្តម ម៉ែន វិបុល ក្នុងនាមប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតចំពោះអ្នកគ្រប់គ្រងតំបន់ សេដ្ឋកិច្ចពិសេសមេនហាតធេន និងលោកប្រធានអង្គភាពអគ្គិសនីស្វាយរៀង ដល់សាខាកាកបាទក្រហម កម្ពុជាខេត្ត នាថ្ងៃនេះប្រកបដោយទឹកចិត្តមនុស្សធម៌ ។
កាលពីថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសហការី បានចូលរួម ឧបត្ថម្ភ នូវថវិកា ១២០,០០០ ដុល្លារ (មួយរយម្ភៃ ពាន់ដុល្លារ) ផ្ទេរចូលគណនេយ្យសាខា តាមរយៈប្រព័ន្ធធនាគារ រួចហើយ ។សាខានឹងបន្តយកចិត្តទុកដាក់ ប្រើប្រាស់អំណោយដ៍សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗឲ្យបានទាន់ពេល វេលា ។
ទោះបីឆ្នាំនេះសាខាមិនបានរៀបចំ ពិធីដើម្បីអបអរខួបទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ដូចធ្លាប់បានធ្វើជារៀងរាល់ឆ្នាំក្តី សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅតែបន្តកៀរគរមូលនិធិ និងស្វាគមន៍ចំពោះការចូលរួម វិភាគទានថវិកា សម្ភារ ពីសំណាក់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាសប្បុរសជន នៅ រាជធានីភ្នំពេញ តាមរយៈលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោកជំទាវ ដួង វណ្ណា ក្នុងនាមប្រធាន កិត្តិយសសាខា និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកង យោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្នាក់ខេត្តឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការ សាខា ។ ហើយការចូលរួមឧបត្ថម្ភគាំទ្រថវិកា និងសម្ភារ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង កន្លងមក ក៍ដូចជាពេលនេះពិតជាមានសារៈសំខាន់ ដើម្បីឆ្លើយតបសេចក្តីត្រូវការចំពោះជនរងគ្រោះ និងងាយ រងគ្រោះមហន្តរាយនៅក្នុងខេត្តបានទាន់ពេលវេលា ។ដោយ សាយ ហ្គន