លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដោយសារមានការគ្រប់គ្រងបានល្អ ទើបធ្វើឱ្យស្ថានភាពជំងឺកូវីដ១៩ ក្នុងខេត្តស្វាយរៀងបានធូរស្រាល

ខេត្តស្វាយរៀង៖ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានថ្លែងបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀងនីព្រឹកថ្ងៃទី១២ខែឧសភាឆ្នាំ២០២១ឲ្យដឹងថា៖ ដោយសារមានការគ្រប់គ្រងបានល្អ ក្នុងការបង្ការទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលដឹកនាំដោយលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត ទើបធ្វើឱ្យស្ថានភាពជំងឺក្នុងខេត្ត បានធូរស្រាលក្នុងរយៈពេលដ៏ខ្លី។

លោកបានបន្តថា៖នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានអ្នកជំងឺឆ្លងកូវីដ១៩ នៅខេត្តស្វាយរៀងសរុប៣៦៩នាក់ និងអ្នកជាសះស្បើយចំនួន៣០២នាក់ អ្នកកំពុងព្យាបាលមានចំនួន៦១នាក់ ព្រមទាំងមានករណីស្លាប់ចំនួន ៥នាក់ផងដែរ។

លោកបានបន្ថែមថា សព្វថ្ងៃនៅខេត្តស្វាយរៀង មានមន្ទីរពេទ្យព្យាបាលជំងឺកូវីដចំនួន៣ទីតាំង រួមមាន៖ មន្ទីរពេទ្យបង្អែកស្វាយជ្រំ ស្រុកស្វាយជ្រំ និងមន្ទីរពេទ្យ បង្អែកសាមគ្គីរំដួល ស្ថិតនៅក្នុងស្រុករំដួល និងអគារមួយកន្លែងទៀតនៅក្រុងបាវិត។

ចំពោះរថយន្ត ដឹកអ្នកជំងឺ និងសម្ភារបរិក្ខារពេទ្យ និងសំលៀកបំពាក់ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ ក្រសួងសុខាភិបាល បានឧបត្ថម្ភជាបន្តបន្ទាប់ធ្វើឲ្យខេត្តស្វាយរៀង រហូតមកដល់ពេលនេះមានការគ្រប់គ្រងបានល្អចំពោះស្ថានភាពជំងឺកូវីដ១៩ និងឈានទៅរកការកាត់ផ្ដាច់ឫសគល់ នៃការចម្លងជំងឺនេះឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។

លោកបានបន្ថែមថា អាជ្ញាធរខេត្តបានសម្រេចរក្សាទុកទីតាំងដើមទីចូលខេត្តសម្រាប់ធ្វើ តេស្តរកមេរោគកូវីដ១៩ ចំនួន២ទីតាំង រួមមាន៖

*ទី១៖ នៅស្រុកស្វាយជ្រំ តាមបណ្ដោយផ្លូវជាតិលេខ១

*ទី២៖ ស្រុករមាសហែក នៅជាប់ផ្លូវជាតិលេខ១៣ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តធ្វើតេស្តរកមេរោគកូវីដ១៩ ដើម្បីធ្វើតេស្តចំពោះប្រជាពលរដ្ឋដែលមានការសង្ស័យ ឬស្ថិតនៅក្នុងរោគសញ្ញាសង្ស័យថាមានជំងឺកូវីដ១៩។

លោកសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ដែលបានដឹងខ្លួនថា ធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ១៩ ឬទើបត្រឡប់មកពីតំបន់ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ឬមានរោគសញ្ញាសង្ស័យពាក់ព័ន្ធ នឹងជំងឺកូវីដ-១៩ មេត្តាស្ម័គ្រចិត្តទៅធ្វើតេស្តរកមេរោគកូវីដ១៩ ឲ្យបានគ្រប់គ្នា ដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា ក្នុងករណីជំងឺកូវីដ-១៩ និងការពារថែរក្សាសុខភាពខ្លួនឯងនិងក្រុមគ្រួសារផង។

ព្រមជាមួយគ្នានេះ ត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ជាពិសេសវិធានការការពារ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិត កែរ រដ្ឋា ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ដែលមានកូនចៅរស់នៅ និងធ្វើការនៅក្នុងតំបន់ណា សូមរក្សានៅតំបន់នោះដដែល កុំមានការផ្លាស់ទីប្រសិនបើមិនចាំបាច់ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល៕ដោយ សាយ ហ្គន

You might like

Leave a Reply

Your email address will not be published. Required fields are marked *