ខេត្តកំពង់ឆ្នាំង :ជុំវិញករណីអគ្គីភ័យឆាបឆេះបណ្ដាលឲ្យមនុស្ស ៦នាក់ក្នុងនោះមានទារកក្នុង ផ្ទៃម្តាយផង បានស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័ម ត្រូវសមត្ថកិច្ចនគរបាលបញ្ជាក់ ថាបណ្ដាល មកពីឆ្លងចរន្តអគ្គីសនី ។ អធិការនគរបាលស្រុកបរិបូណ៌ បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែ ឧសភានេះថា ក្រោយការស្រាវជ្រាវករណីភ្លើងឆេះផ្ទះកាលពីវេលាម៉ោង ៨ និង ៤០ នាទីយប់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២១ នៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ បណ្ដាលឱ្យម្ដាយ ដែលកំពុង មានផ្ទៃពោះ និងកូន ៤ នាក់ទៀតស្លាប់ក្នុងអណ្ដាតភ្លើង យ៉ាងអណោចអាធម្មនោះ គឺដោយសារឆ្លង ចរន្តអគ្គិសនី ព្រោះតែផ្ទះខាងលើធ្វើអំពីដែកបាំងជញ្ជាំងនិងប្រក់ដំបូលសុទ្ធតែដែកទាំងអស់ ហើយនៅខាងក្នុងផ្ទះសុទ្ធតែ ខោអាវជជុះទាំងអស់ ។ អធិការនគរបាលស្រុកបរិបូណ៌បានបញ្ជាក់ថា ក្នុងពេលកើតហេតុបុរសជាប្តីឈ្មោះ នុន សារ៉េតអាយុ ៣៥ ឆ្នាំ ដែលបានរួចផុតជីវិត ព្រោះពេលកើតហេតុគាត់បានចូលបន្ទប់ទឹក ដែលនៅដាច់ដោយឡែកពី ខាងក្រោយផ្ទះ លុះពេលភ្លើងឆេះសន្ធោសន្ធៅទើបគាត់ដឹង និងស្ទុះស្ទាមកជួយតែមិនបានជួយអ្វីបាននោះឡើយ ព្រោះភ្លើងឆេះសន្ធោសន្ធៅខ្លាំងពេក ម្យ៉ាងទៀតផ្ទះក៏គ្មានទ្វាខាងក្រោយដែរ។នៅកន្លែង កើតហេតុ ស្ត្រីជាប្រពន្ធ ឈ្មោះ សៀន សុខជា អាយុ ៣៣ឆ្នាំ គេឃើញឆេះស្លាប់នៅនឹងមាត់ទ្វារ ដែលតាមការសន្និដ្ឋានរបស់សមត្ថកិច្ចគាត់ទំនងព្យាយាមចុះពីលើឡៅតឿ រត់ចេញមកខាងក្រៅ តែមិនចេញរួច ព្រោះគាត់ត្រូវភ្លើងឆេះខ្លួនហើយដួលនៅមាត់ទ្វារតែម្តង ។ អធិការនគរបាលស្រុកបរិបូណ៌បានបញ្ជាក់ថាផ្ទះធ្វើអំពីដែក និងគ្មានទ្វារក្រោយមានតែទ្វារ មុខមួយព្រមទាំងបង្អួចតូច ២ ។ លុះពេលកើតហេតុអណ្ដាតភ្លើងឆាបឆេះខោអាវជជុះ ធ្វើអោយផ្សែងខ្មួលខ្មាញ់មនុស្ស នៅខាងក្នុង ពិបាករកច្រកចេញទើបបណ្ដាលឲ្យស្លាប់បែបនេះ ។
ក្នុងករណីខាងលើនេះមនុស្សចំនួន 6 នាក់បានស្លាប់ក្នុងនោះមានស្ត្រីជាប្រពន្ធកូនតូច ៤នាក់ និងទារកក្នុងផ្ទៃ ចំណែក សម្ភារៈក្នុងផ្ទះមានត្រូវបានភ្លើងឆេះទាំងអស់គ្មានសល់ ។ ដោយឡែកនៅព្រឹកថ្ងៃទី១០ ខែឧសភានេះដែរគេសង្កេតឃើញមានឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការជាច្រើនរូបទៀតបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិការទៅឧបត្ថម្ភដល់គ្រួសាររងគ្រោះនេះផងដែរ ។ ប្រភពមួយផ្សេងទៀតបានបង្ហើបអោយដឹងថាពេលនេះ សមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃកុំពង់បើកការស្រាវជ្រាវជុំវិញករណីខាងលើនេះយ៉ាងយកចិត្តទុកដាក់ផងដែរ៕សានផល្លា