សម្តេចតេជោផ្តល់ផ្ទះដីសម្បទានសង្គមកិច្ច នៅស្រុកសន្ទុក ជូនអតីតយុទ្ធជន១៥៦ខ្នងផ្ទះ និងផ្លូវលំខ្វាត់ខ្វែង១២គីឡូម៉ែត្រ

កំពង់ធំ៖ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានទៅត្រួតពិនិត្យសកម្មភាពសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត គ្មានដី គ្មានផ្ទះ ឬមានជម្រកស្នាក់នៅមិនសមរម្យ នៅខេត្តកំពង់ធំ។

ដែលសកម្មភាពសាងសង់នេះកំពុងដំណើរការនៅលើដីសម្បទានសង្គមកិច្ចសម្រាប់ផ្ដល់ជូនអតីតយុទ្ធជន ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោសោម ស៊ុន បានប្រាប់ CNC ឲ្យដឹង នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ថា ផ្ទះដែលត្រូវដំណើរការសាងសង់ មានចំនួន ១៥៦ ខ្នងផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

បច្ចុប្បន្ន ដំណើរការសាងសង់បានចំនួន ៥២ខ្នងផ្ទះរួចហើយ ដែលផ្ទះក្នុងមួយខ្នងមួយខ្នងមានទំហំ ៥ម៉ែត្រ គុណ ៧ម៉ែត្រ មានតសំយ៉ាបផ្ទះទៅខាងក្រោយផ្ទះប្រវែង ៣ម៉ែត្របន្ថែមទៀតផង  ខណៈក្រុមជាងសំណង់កំពុងដំណើរការសាងសង់បន្តទៀតតាមផែនការដែលបានគ្រោងទុក  ដើម្បីត្រៀមចាប់ឆ្នោតយកក្បាលដីនិងប្លង់ផ្ទះនៅពេលខាងមុខនេះ។

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក៏បានបញ្ជាក់បន្ថែមទៀតថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតលោកក៏បានផ្ដល់ផ្លូវលំខ្វាត់ខ្វែងនៅក្នុងភូមិអតីតយុទ្ធជននេះមានប្រវែង ១២គីឡូម៉ែត្រផងដែ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *