ខេត្តស្វាយរៀង៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយទាំងព្រឹកព្រលឹមបណ្តាលស្លាប់ពេលបញ្ជូនទៅបន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងនិងមនុស្ស២នាក់ទៀតរងរបួសធ្ងន់។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើងឡើងកាលពីវេលាម៉ោង៥/៤៥នាទីថ្ងៃ ច័ន្ទ ១៤ រោច ខែ ពិសាខ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១នេះនៅលើផ្លូវជាតិលេខ ០១ Km ១២៥/១២៦ ស្ថិតក្នុងភូមិ បាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាក Wave ពណ៏ ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ លឹម វុទ្ធី ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ បឹង ឃុំ អង្គតាសូ ស្វាយជ្រំ ខេត្ត ស្វាយរៀង បើកបរពីជើងទៅត្បូង ពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ ។មានអ្នករួមដំណើរ៖១ , ឈ្មោះ ម៉ុញ ចាន់ធួន ភេទ ស្រី អាយុ ៣០ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិឃុំជាមួយគ្នា មិនពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ ។២ , ឈ្មោះ លឹម ពិសី ភេទ ស្រី អាយុ ០៥ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា មិនពាក់មួកសុវត្ថិភាព ( រងរបួសធ្ងន់ ស្លាប់ពេលបញ្ជូនទៅបន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង)។ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើត្រូវបានរថយន្ដដឹកកម្មករកម្មការិនី ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3B 3047បានបុកម៉ូតូរងគ្រោះខាងលើពេញទំហឹងបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសធ្ងន់។ ក្រោយពីបង្កហេតុរួចមក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចពីកន្លែងកើតហេតុ បើកបរពីលិចទៅកើតបន្សល់ទុករថយន្ដនៅកន្លែងហេតុ។មធ្យោបាយរក្សាទុកនៅអធិការក្រុងស្វាយរៀងដើម្បីស្រាវជ្រាវរកម្ចាស់យកមកដោះស្រាយគ្នាតាមផ្លូវច្បាប់រីឯអ្នករបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងចំណែកក្មេងស្រីខាងលើត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

