កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តលាយបេតុងនិងរថយន្តដឹកដី មិនមានរងរបួសដល់មនុស្សនោះទេ គ្រាន់តែខូចរថយន្តទាំងសងខាងតែប៉ុណ្ណោះ ដែលគ្រោះថ្នាក់ខាងលើនេះកើតឡើង នៅតាមណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ៣០-៣១ ក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១វេលាម៉ោង១និង៤៥នាទីរសៀល។
សមត្ថកិច្ចស្រុកកណ្តាលស្ទឹងបានឱ្យដឹងនាថ្ងៃទី៩ឧសភានេះថា ក្រោយពេលកើតហេតុ តំណាងភាគីរថយន្តទាំងសងខាង បានធ្វើការសម្របសម្រួលគ្នា ដោយបានឯកភាពគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ដោយពុំឱ្យសមត្ថកិច្ចឈឺក្បាលវិលមុខ ហើយការព្រមព្រៀងគ្នានេះ គឺមិនមានការបង្ខិតបង្ខំពីសមត្ថកិច្ច ឬជនណាម្នាក់ឡើយ ។
សមត្ថកិច្ចបន្តថា ដោយមានការឯកភាពគ្នារវាងភាគីទាំងសងខាង សមត្ថកិច្ចជំនាញចរាចរណ៍ សហការជាមួយប៉ូលិសប៉ុស្តិ៍រដ្ឋបាលត្រពាំងវែង បានធ្វើកំណត់ហេតុ កិច្ចព្រមព្រៀង និងកិច្ចសន្យារវាងភាគីទាំងពីររវាងឈ្មោះអ៊ូ ស៊ីនិត ភេទប្រុស អាយុ៣០ឆ្នាំស្នាក់នៅឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និង ឈ្មោះផេង ថាន់ ភេទប្រុស អាយុ២៨ឆ្នាំស្នាក់នៅឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំបង់ស្ពឺ បញ្ចប់រឿងជូនដល់ពួកគាត់ទាំងពីរ ដែលជាម្ចាស់រថយន្ត ដើម្បីបញ្ចប់រឿងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ និង ឈប់ប្ដឹងផ្ដល់គ្នាបន្ដទៀតទៅថ្ងៃក្រោយ ៕ដោយ ភាវុន