រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងបញ្ហាអ្នកកើតជំងឺកូវីដ-១៩ មកពីរាជធានីភ្នំពេញ

ខេត្តប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីប្រកាសព័ត៌មាន លេខ០១ ចុះនៅថ្ងៃសៅរ៍ ១២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ដោយសូមជម្រាបជូនដល់សាធារណ:ជន និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តប៉ៃលិនថា ៖ បានរកឃើញជំងឺកូវីដ-១៩ លើបុរសម្នាក់ ឈ្មោះ វ៉ន សីហា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ន នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាអ្នកបើកបរ រថយន្តឱ្យក្រុមហ៊ុនដឹកទុយោ (UPG) ព្រែកព្នៅ ។

សេចក្តីប្រកាសព័ត៌មានក្នុងលិខិតបានបញ្ជាក់ថា ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២ និង៣០នាទី ទាបភ្លឺ បុរស ឈ្មោះ វ៉ន សីហា បានចេញដំណើរពីរាជធានីភ្នំពេញ សំដៅមកខេត្តប៉ៃលិន ។ ក្នុងការធ្វើដំណើរ បុរសខាងលើ បានឈប់នៅខេត្តពោធិ៍សាត់ វេលាម៉ោង៧ និង៣៥នាទីព្រឹក ដើម្បីពិសាអាហារពេលព្រឹក នៅហាង ឈ្មោះ អាលីន ។ លុះវេលាម៉ោង៨ និង១៥នាទី បានបន្តចេញពីខេត្តពោធិ៍សាត់ ពេលមកដល់ព្រំប្រទល់ខេត្តបាត់ដំបង ខេត្តប៉ៃលិន វេលាម៉ោង១១ និង៤៨នាទីថ្ងៃត្រង់ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត នៃរដ្ឋបាលខេត្តប៉ៃលិន ប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យ សុខភាពព្រំប្រទល់ខេត្តប៉ៃលិន បាត់ដំបង បានធ្វើតេស្តរហ័សចំនួន០២លើក រកឃើញវិជ្ជាមានជំងឺកូវីដ-១៩ ទាំង ០២លើក ហើយបានបញ្ជូនវត្ថុសំណាកទៅធ្វើតេស្តនៅមន្ទីរពិសោធន៍ ខេត្តបាត់ដំបង បន្តលទ្ធផល វិជ្ជមានដដែល ។ ក្នុងនោះដែរ អ្នករួមដំណើរជាមួយនឹងបុរសខាងលើ មានតេស្តរហ័ស អវិជ្ជមាន ។

សូមបញ្ជាក់ថា  បុរសខាងលើ មិនទាន់បានឆ្លងចូលមកក្នុងទឹកដីខេត្តប៉ៃលិន នៅឡើយទេ ដូច្នេះបុរសនេះ មិនទាន់មានការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិនដែរ ។ រដ្ឋបាលខេត្តប៉ៃលិន សូមអំពាវនាវដល់សាធារណ:ជន និងប្រជាពលរដ្ឋ ដែលធ្លាប់មានការមានការប្រាស្រ័យទាក់ទងផ្ទាល់ ឬប្រយោល ជាពិសេសអ្នកដែលមានអាសយដ្ឋានស្នាក់នៅជាមួយបុរសខាងលើ សូមតាមដានសុខភាព និងត្រូវយកវត្ថុសំណាកទៅពិនិត្យនៅមន្ទីរសុខាភិបាល ឬមន្ទីរពេទ្យខេត្ត ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត រៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាកផង) ។

អាស្រ័យ ដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងប្រជាពលរដ្ឋជា្របជាព័ត៌មាននិងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ពួននូវវិធានការ «៣ការពារ ៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នា យករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *