ខេត្តប៉ៃលិន ៖ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងអ្នកតំណាងរាស្រ្តមណ្ឌល ប៉ៃលិន អភិបាលរងខេត្ត ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងយុវជនស.ស.យ.ក ខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋពិការ និងអ្នកក្រីក្រចំនួន២៥គ្រួសារ ដែលជួបបញ្ហាជម្ងឺកូវិដ-១៩ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
នៅក្នុងឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានពាំនាំមកនូវប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសួរសុខទុក្ខ ដល់ចាស់ជរា និង ជនពិការទាំងអស់ ដែលកំពុងជួបនូវការលំបាកក្នុងជីវភាព ។ ទន្ទឹមនឹងនេះ លោកជំទាវអភិបាលខេត្ត ក៏សូមបន្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយត្រូវរក្សាអនាម័យ លាងដៃនឹងសាប៊ូ ទឹកអាល់កុល ឬជែល ត្រូវពាក់ម៉ាស ពេលចេញក្រៅផ្ទះក្នុងករណីចាំបាច់ និងរក្សាគម្លាតសុវត្ថិភាពពីគ្នា ជាពិសេស ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ (៣ការពារ និង៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ខេត្តប៉ៃលិនផងដែរ ។
ប្រជាពលរដ្ឋក្រីក្រ និងពិការ ដែលបានទទួលអំណោយខាងលើ បានត្រេកអរសប្បាយយ៉ាង ខ្លាំង ហើយក៏សូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលេរដ្ឋ ពិសេសគឺផ្តល់ស្បៀងដល់ ពួកគាត់នាពេលនេះតែម្តង ។ ពួកគាត់សូមជូនពរដល់សម្តេចទាំងពីរ និងលោកជំទាវអភិបាលខេត្ត ព្រមទាំងក្រុមការងារ ទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃផងដែរ ។
សូមបញ្ជាក់ផងដែរថា ៖ អំណោយដែលលោកជំទាវអភិបាលខេត្ត ដឹកនាំក្រុមការងារចុះចែកជូនប្រជាពលរដ្ឋខ្វះខាតទាំង២៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន រួមមាន ៖ អង្ករ៥០គីឡូ ត្រីខ១ឡូតិ៍ ទឹកត្រី១យួរ មី១កេស ពងទា១ថាស ទឹកសុទ្ធ២កេស ម៉ាស១ប្រអប់ សាប៊ូ១ដុំ ឃីត១ និងថវិការចំនួន១០ម៉ឺនរៀល ៕ ដោយ ៖ នីយ៉ា