កណ្តាល ៖ ជនដៃដល់ជាកូនបានវាយម្តាយខ្លួនឱ្យរបួស បន្ទាប់ពីសុំលុយម្តាយទិញថ្នាំញៀនមកជក់ មិនបាន ដែលអំពើហិង្សាដោយចេតនាខាងលើនេះកើតឡើង នាថ្ងៃទី០៧ខែឧសភាឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទីព្រឹក នៅចំណុចក្នុងផ្ទះជនរងគ្រោះភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហម សុខហេង ភេទស្រី អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិ សង្កាត់កើតហេតុ ត្រូវជាម្តាយបង្កើត ជនរងគ្រោះមានរបួសស្នាម ហើមត្រង់កដៃខាងឆ្វេង។ចំណែកជនសង្ស័យ ត្រូវជាកូនបង្កើតឈ្មោះ វុន ម៉េង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិ សង្កាត់កើតហេតុ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យកកាំបិតប៉័ងតោ ប្រវែង៣១សង់ទីម៉ែត្រចំនួន០២ ។សមត្ថកិច្ចបន្តថា ជនសង្ស័យបានប្រើប្រាស់គ្រឿងញៀនបណ្តាយឱ្យបែកស្មារតី ហើយបានរករឿងគំរាមទារលុយម្តាយមួយម៉ឺនរៀលដើម្បីទៅទិញគ្រឿងញៀនជក់បន្ត ទៀត តែម្តាយមិនឱ្យក៏បានចាប់អូសដៃម្តាយ ហើយរុញម្តាយរបស់ខ្លួនចំនួន២ដងផ្ទប់នឹងជញ្ជាំង បណ្តាលឱ្យហើមត្រង់កដៃខាងឆ្វេងមានរបួសស្នាមតែម្តង។ ក្រោយកើតហេតុ ជនរងគ្រោះបានទៅ ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលដើមមៀន ឱ្យចុះទៅឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីអនុវត្តតាមនិតិវិធីតែម្តង។បើតាមការសាកសួរជនសង្ស័យឆ្លើយថា «គាត់ពិតជាបាន ប្រើប្រាស់គ្រឿងញៀន រួចហើយគំរាមទាលុយម្តាយ និង បានរុញម្តាយរបស់ខ្លួនផ្ទុបនឹងជញ្ជាំង បណ្តាយឱ្យមានរបួសស្នាមត្រង់កដៃខាងឆ្វេងប្រាកដមែន»។បច្ចុប្បន្នជនសង្ស័យ បាននិងកំពុងឃាត់ ខ្លួននៅអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕ភាវុន