កណ្តាល ៖ យុវជនម្នាក់ត្រូវបានប៉ូលិសស្រុកស្អាងឃាត់ខ្លួន បន្ទាប់ពីវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះដោយចេតនា កាលពីថ្ងៃទី ០៧ខែឧសភាឆ្នាំ២០២១វេលាម៉ោង៥និង ១០នាទីល្ងាច នៅចំណុចផ្ទះជនរងគ្រោះឈ្មោះម៉ែនខុមស្ថិតនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាងខេត្តកណ្ដាល។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះម៉ែន ខុម ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ត្រូវជាឪពុក។ចំណែកជនសង្ស័យឈ្មោះកេត ធារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។
រីឯវត្ថុតាងចាប់យក ពូថៅចំនួន០១មាន ផ្លែដែកដងធ្វើអំពីឈើ។ចំណែកសម្ភារៈខូចខាត ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅឆ្នាំ ២០១១ គ្មានផ្លាកលេខនិង របស់របរមួយចំនួន ។
សមត្ថកិច្ចបានបន្តថាកន្លងមកជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេល០២ឆ្នាំមកហើយ។ពេលដែលជនសង្ស័យប្រើប្រាស់គ្រឿងញៀនរួចហើយតែងតែរករឿងឪពុកម្ដាយ ហើយវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះជាញឹកញាប់។លុះនៅថ្ងៃទី០៧ខែឧសភាឆ្នាំ២០២១ វេលាម៉ោង០៧ព្រឹកជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ គ្មានផ្លាកលេខចេញពីផ្ទះមិនដឹងទៅណា។
រហូតដល់វេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល ជនសង្ស័យក៏បានជិះម៉ូតូត្រឡប់មកផ្ទះវិញរួចបានធ្វើសកម្មភាពយកពូថៅកាប់ម៉ូតូនិងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះបណ្តាលខូចខាតអស់មួយចំនួននិងបានយកចង្ក្រានហ្គាសកាច់ភ្លើងឱ្យឆេះរួចដុតផ្ទះបណ្ដាលឱ្យឆេះហើយត្រូវបានបងប្អូនប្រជាពលរដ្ឋនៅជិតខាងជួយពន្លត់ទាន់។
ភ្លាមនោះជនរងគ្រោះក៏បានមករាយការណ៍ភ្លាមនោះប៉ូលិសប៉ុស្តិ៍រដ្ឋបាលកោះខែលបានសហការជាមួយកម្លាំងប៉ូលិសផ្នែកយុត្តិធម៌ស្រុកស្អាងបានចុះទៅដល់កន្លែងកើតហេតុបានធ្វើការនាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ភាវុន