កំពង់ចាម : ក្នុង ឱកាស នាំយកអំណោយរបស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ចែកជូនប្រជាពលរដ្ឋ ចំនួន ៧៣០គ្រួសារ ដែល រស់នៅតំបន់ បិទខ្ទប់ ក្នុង ភូមិសាស្ត្រ ស្រុក កងមាស នាព្រឹក ថ្ងៃ ទី ៧ ខែឧសភា ឆ្នាំ ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជា ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ បាន អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបង្កេីនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រាស្រ័យទាក់ទងគ្នា ជាពិសេស ត្រូវ អនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ដេីម្បី ឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៍២០ កុម្ភៈ ។
ក្នុង ឱកាស នោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យ បន្តចូលរួម ជាមួយអាជ្ញាធរ មូលដ្ឋាន ដេីម្បី អនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ក៏ដូចជាការអនុវត្ត តាម សេចក្តី ណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការ អនុវត្ត វិធានការ ៣ការពារ ៣កុំ ដើម្បីកាត់ផ្ដាច់ខ្សែចម្លង ពីសហគមន៍មួយទៅសហគមន៍មួយ ។
ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន ណែនាំ ដល់ អាជ្ញាធរមូលឃុំ និងអ្នកពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់តាមដាន លេីការគ្រប់គ្រងពលរដ្ឋចំណូលស្រុក ករណីមកពីតំបន់ហានិភ័យខ្ពស់ ត្រូវនាំទៅយកសំណាក់ពិនិត្យ និងដាក់ ឲ្យ ធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ចំណែក បងប្អូន ប្រជាពលរដ្ឋដែលមកពីតំបន់ដែលមានហានិភ័យទាប ត្រូវយកសំណាក ពិនិត្យ និងដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងខ្លួនផងដែរ ។
គួរ បញ្ជាក់ ថា អំណោយ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនប្រជាពលរដ្ឋដែលជួបការលំបាក ក្នុងតំបន់បិទខ្ទប់ ក្នុងស្រុកកងមាស ចំនួន ៧៣០គ្រួសារ ដោយក្នុង១គ្រួសារ ទទួល បានអង្ករ ២៥គក្រ មី១កេស ត្រីខ ១០កំប៉ុង។ ប្រគេនវត្តជួបការលំបាក ក្នុងស្រុកកងមាសចំនួន ៩វត្ត ក្នុង១វត្ត ប្រគេនអង្ករ ១០០គីឡូ មី៥កេស ត្រីខ ៥យួរ និងបច្ច័យ ២០០.០០០រៀល ផងដែរ ៕