អង្គការទស្សនៈពិភពលោកប្រចាំតំបន់ប្រតិបត្តិការស្រុករលាប្អៀរ ផ្តល់សម្ភារៈ និង ស្បៀងដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង :សម្ភារៈ និង ស្បៀរ សម្រាប់ចូលរួមទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩ របស់អង្គការទស្សនៈពិភពលោកប្រចាំតំបន់ប្រតិបត្តិការស្រុករលាប្អៀរ បានធ្វើការផ្តល់ជូនដល់ រដ្ឋបាលខេត្តកំពង់ឆ្នាំងធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ឆ្នាំង ។

ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និង លោកស្រី ឡាយ លីនាង ប្រធានកម្មវិធីតំបន់ប្រតិបត្តិការស្រុករលាប្អៀរ នៃអង្គការទស្សនៈពិភពលោក ។

លោកស្រី ឡាយ លីនាង ប្រធានកម្មវិធីតំបន់ស្រុករលាប្អៀរ នៃអង្គការទស្សនៈពិភពលោកបានឲ្យដឹងថា អង្គការទស្សនៈពិភពលោក តែងតែបានធ្វើសកម្មភាពជាប្រចាំ ក្នុងកិច្ចប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋ ទៅតាមសកម្មភាព នៃគម្រោងនីមួយ ក្នុងភូមិសាស្រ្តដែលអង្គការបានធ្វើប្រតិបត្តិការ ។

ដើម្បីចូលរួមសកម្មភាពក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្តនៃខេត្តកំពង់ឆ្នាំង នៅថ្ងៃនេះ បានចូលរួមផ្តល់នូវសម្ភារៈ និង ស្បៀង សម្រាប់ចូលរួមចំណែកជាមួយនិងរាជរដ្ឋាភិបាល និង រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩នេះ ក្នុងគោលដៅទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ និង ការកាត់ផ្តាច់ការចម្លងចូលសហគមន៍ចាប់ពីពេលនេះតទៅ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ  អង្គការទស្សនៈពិភពលោក ដែលជានិច្ចកាលតែងតែ បានធ្វើកិច្ចសហការជាមួយនិងអាជ្ញាធរមូលដ្ឋាន និង រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងការចួលរួមនូវកិច្ចអភិវឌ្ឍនានា ព្រមទាំងកិច្ចការសង្រ្គោះ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកណើនសេដ្ឋកិច្ចជាតិ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ឯកឧត្តម បានបញ្ជាក់ទៀតថា អង្គការសមាគមន៍នានា គឺជាដៃគូដ៍សំខាន់ កិច្ចដំណើរនៃការអភិវឌ្ឍន៍សង្គម ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូធារឆ្លើយតបបានតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ។

ឯកឧត្តមបានបញ្ជាក់ទៀតថា អង្គការទស្សនពិភពលោក គឺជាអង្គការមួយដែលធ្វើការប្រកប ដោយតម្លាភាព និង ប្រសិទ្ធិភាពខ្ពស់ ហើយមានសមិទ្ធផលជាច្រើនដែលអង្គការបានបង្កើតឡើងនៅកម្ពុជា ។

ដើម្បីបំពេញបន្ថែមរាល់សកម្មភាពនៃការប្រយុទ្ធប្រឆាំងនិងការរីករាលដាលជាសកល នៃជំងឺកូវីដ១៩ អង្គការទស្សនៈពិភពលោកបានផ្តល់នូវកិច្ចសហការ ក្នុងការលើកកម្ពស់នូវសុខមាលភាពសង្គមជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងគោលដៅបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសការកាត់ផ្តាច់ ការចម្លងចូលក្នុងសហគមន៍ចាប់ពីពេលនេះតទៅ  ។

អំណោយដែលអង្គការទស្សនៈពិភពលោក បានផ្តល់ជូនរដ្ឋបាលខេត្តនាពេលនេះ មានគ្រែពេទ្យចំនួន២០ ម៉ាស់ចំនួន៥០ប្រអប់ ភួយសំឡីចំនួន២០ អង្ករផ្កាម្លិះចំនួន១តោន ខ្នើយសំឡីចំនួន២០ អាល់កុលចំនួន២០០លីត្រ  ទឹកបរិសុទ្ធចំនួន៥០កេស សាប៊ូដុំចំនួន៧២ដុំ ៕ អ្នកស្រីសានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *