លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌ជួយសម្រាលការលំបាកផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៣៩ គ្រួសារនៅស្រុកកំពង់ទោទិ៍

ខេត្តស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ៦  ខែឧសភា  ឆ្នាំ ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទ ក្រហមកម្ពុជា ខេត្តស្វាយរៀង ព្រមទាំង ឯកឧត្តម លោកជំទាវ គណៈកម្មាធិការសាខា   បានចុះសួរសុខទុក្ខ  និងនាំយក អំណោយមនុស្សធម៌ជួយសម្រាលការលំបាកផ្តល់ ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅ ក្នុងស្រុកកំពង់រោទិ៍ ២ ឃុំ គឺឃុំត្នោត ២ គ្រួសារ និងឃុំថ្មី ៣៧ គ្រួសារ សរុប ៣៩ គ្រួសារ  (ក្នុងនោះរងគ្រោះធ្ងន់ចំនួន  ១៤ គ្រួសារ មធ្យម ១៨ គ្រួសារ តិចតួច ៧ គ្រួសារ ) និងបានចូលរួម រំលែកទុក្ខក្រុមគ្រួសារស្លាប់ដោយសារឆក់ខ្សែភ្លើង ១ នាក់ ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់  លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន  បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា  ដែល ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក  និងក្តីអាណិតអាសូរ  ជាពិសេសក្តីព្រួយបារម្ភ ចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់  ដែលប្រឈមទៅនឹងឧបទ្ទវហេតុគ្រោះធម្មជាតិ  ដែលកើតឡើង ដោយមិនអាចស្មាន បាន ។ ហេតុដូចនេះហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន  បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះជួយបងប្អូន ប្រជាពលរដ្ឋរងគ្រោះទាំងអស់  ដោយនាំយកនូវគ្រឿងបរិភោគ  សម្ភារ ប្រើប្រាស់ និងថវិកាមួយចំនួន ដើម្បី ជួយសម្រាលការលំបាកទៅតាមស្ថានភាពរងគ្រោះជាក់ស្តែង របស់គ្រួសាររងគ្រោះ ធ្ងន់-ស្រាលនីមួយៗ  ព្រមទាំងបានពាំនាំនូវសារអំពាវនាវ  ឱ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលាតាមរយៈការតាមដាន សេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ  របស់ក្រសួងធនធានទឹក  និងឧតុនិយម  និងវិធានការត្រៀម បង្ការផ្សេងៗទៀត ។ ជាមួយគ្នានេះលោកជំទាវ បានពាំនាំសេចក្តីអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន   ដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តតាមការអំពាវនាវរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជា  តាមរយៈការអនុវត្តនូវវិធានការជាបន្តបន្ទាប់ របស់ក្រសួងសុខាភិបាល  ជាពិសេសការរក្សាអនាម័យ លាងដៃឲ្យស្អាត   ពាក់ម៉ាស  (ក្នុងករណីចាំបាច់)  ប្រើកន្សែងឬក្រមា ឬក្រដាស់ ជូតមាត់សម្រាប់ខ្ទប់មាត់ ពេលក្អក  ឬកណ្តាស់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម  និងគម្លាតសុវត្ថិភាពបុគ្គល ។ ទន្ទឹមនឹងនេះ សូម ប្រជាពលរដ្ឋទាំងអស់យក ត្រូវរួមគ្នា ថែរក្សាសន្តិភាព  រស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា  និង ខិតខំប្រកបរបរបង្កបង្កើនផល ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ។ អំណោយដែលបានចែកជូនសម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ និងមធ្យម ៣២ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ១ កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) ថវិកា ៥០,០០០ រៀល ។  ដោយឡែកគ្រួសាររងគ្រោះធ្ងន់ទទួលបានបន្ថែម៖ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ ក្រណាត់កៅស៊ូតង់និងថវិកា ២០០,០០០ រៀល ។ សម្រាប់គ្រួសាររងគ្រោះស្រាល ៖ ៧ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន ថវិកា ៦០,០០០ រៀល  សម្រាប់ទិញ សម្ភារជួសជុលផ្ទះឡើងវិញ  ។ គ្រួសាររងគ្រោះដោយសាឆក់ខ្សែភ្លើងទទួលបាន៖អង្ករ ៥០ គ.ក្រ ទេយ្យទាន មួយឈុត ទឹកក្រូច ១ កេស ទឹកសុទ្ធ ១ កេស ថវិកា ១០០,០០០ រៀល ។  ដោយមានការអាណិតអាសូ ដល់គ្រួសាររងគ្រោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឧបត្ថម្ភដល់គ្រួសាររងគ្រោះទាំង ៣៩ គ្រួសារ ក្នុង ១ គ្រួសារ ថវិកា ៥០,០០០ រៀល ឧបត្ថម្ភដល់គ្រួសារស្លាប់ដោយសារខ្សែភ្លើងឆក់ ថវិកា ៥០០,០០០ រៀល ។ តារាកំប្លែងលោក ចែម ចាន់រ៉ា ហៅនាយ ពែក មី តំណាងក្រុមហ៊ុនសម្រស់ធម្មជាតិ ឧបត្ថម្ភថវិកា បន្ថែមដល់គ្រួសារ រងគ្រោះ ៣៩ គ្រួសារ ក្នុង ១ គ្រួសារ ថវិកា ១០០,០០០ រៀល ។លោកឧត្តមសេនីយ៍ត្រី ប៉ាង ឡេង ឧបត្ថម្ភដល់គ្រួសាររងគ្រោះធ្ងន់ធ្ងរមានជីវភាពលំបាក ២ គ្រួសារ ក្នុង ១ គ្រួសារ ថវិកា ២០០,០០០ រៀល ស័ង្ឃសី ១៥ សន្លឹក ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *