ខេត្តស្វាយរៀង៖ព័ត៌មានបឋម ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង បានដួលរលំរាបដល់ដី ខណៈពេលដែលមានភ្លៀងធ្លាក់មួយមេធំគួបផ្សំនិងខ្យល់កន្ត្រាក់បោកបក់ខ្លាំងៗបណ្តាលឲ្យដួលរលំផ្ទះពលរដ្ឋខាងលើ។ហេតុការណ៍គ្រោះធម្មជាតិខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៤ ល្ងាចថ្ងៃទី ៥ ខែឧសភាឆ្នាំ ២០២១ ស្ថិតនៅឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុជាបឋមនោះ បានឲ្យដឹងថា មានផ្ទះប្រជាពលរដ្ឋប្រមាណជា៦ខ្នងធ្វើពីស័ង្កសី បានដួលរលំរាបដល់ដីប៉ើងខ្ទេចខ្ទីស្ថិតនៅភូមិកោះត្រាចឃុំថ្មី ស្រុកកំពង់រោទិ៍ ហើយដោយឡែកផ្ទះប្រជាពលរដ្ឋផ្សេងទៀត ស្ថិតនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ក៏បានរងការខូចខាតប៉ុន្តែមិនទាន់ដឹងខ្នងនោះដែរ។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា៖ គេមិនទាន់ដឹងចំនួនពិតប្រាកដ នៃផ្ទះប្រជាពលរដ្ឋដែលបានរងការខូចខាត និងមានមនុស្សរងគ្រោះថ្នាក់ប៉ុន្មាននាក់នោះទេ ដោយសារតែស្ថានភាពមេឃងងឹត។ ក្រៅពីរងផលប៉ះពាល់ ដោយសារខ្យល់កន្ត្រាក់នាល្ងាចថ្ងៃដដែលនេះ ចរន្តអគ្គិសនីនៅក្នុងឃុំថ្មី ក្នុងស្រុកកំពុងរកបានដាច់ទាំងស្រុង។
ចំពោះព័ត៌មានលម្អិតយ៉ាងណាទៀតនោះ ក្រុមការងារអ្នកសារព័ត៌មានយើងនិងធ្វើសេចក្តីរាយ ការណ៍ជូនជាបន្តបន្ទាប់ទៀតនៅពេលក្រោយ៕ដោយ សាយ ហ្គន