កណ្តាល ៖ ប៉ូលិសស្រុកមុខកំពូលបានឃាត់ខ្លួនបុរស២នាក់ក្នុងករណីរក្សា ទុកនិងដឹកជញ្ជូន ដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃទី០៤ឧសភាឆ្នាំ២០២១ វេលាម៉ោង៤និង៣០នាទី ល្ងាចនៅចំណុចភូមិជ្រែ១០០ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ហង្ស សុខហេង ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប្របឹង ឃុំស្ដើងជយ័ ស្រុកជើងព្រៃ ខេត្តកំពង់ចាមនិង២-ឈ្មោះ បួន គឹមឡុង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំបក់ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។វត្ថុតាងដកហូតរួមមាន ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន០៣ កញ្ចប់មធ្យម០១កញ្ចប់។
ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍សំបួរមាសនិងកម្លាំងប្រជាការពារ បានល្បាតក្នុងសាស្ត្រ បានឃើញម៉ូតូក្មេងស្ទាវជិះគ្នាពីរនាក់ បើកបរពីត្បូងទៅជើងក្នុងល្បឿនលឿន, ដោយមានការសង្ស័យ កម្លាំងប៉ូលិស បានស្ទាក់ចាប់សួរនាំឆែកឆេរលើខ្លួនជនសង្ស័យនៅលើខ្លួនឈ្មោះ ហួន គឹមឡុង មានកញ្ចប់បារីម៉ាកម៉ៃសេវែន១កញ្ចប់ នៅក្នុងកញ្ចប់ឃើញម្សៅសថ្លាសង្ស័យសារធាតុ ញៀនចំនួន៣កញ្ចប់ ក្នុងនោះមធ្យម១កញ្ចប់ ។នៅចំពោះមុខសមត្ថកិច្ច ,ជនសង្ស័យទាំង២នាក់បាន សារភាពថា «ខ្លួនត្រូវបានឈ្មោះតឿហៅឡា នៅឃុំជាមួយគ្នាប្រើឱ្យមកយកថ្នាំញៀន នៅម្ដុំស្ពានលី យ៉ុងផាត់ ដោយឱ្យឈ្នួល ថ្នាំញៀនចំនួន០២ កញ្ចប់តូច»។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង បានបញ្ចូនមកកាន់អធិការដ្ឋានប៉ូលិសស្រុកមុខកំពូល ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕