ខេត្តស្វាយរៀង៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ លោក កែវ ចន្ទ័លី ប្រធានមន្ទីរព័ត៌មានខេត្តនិងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំក្រោលគោ ស្រុកស្វាយជ្រំ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត និងសការី បាននាំយកអំណោយមួយចំនួន ដើម្បីចែកជូនដល់កម្លាំងសមត្ថកិច្ចនគរបាល និងប្រជាការពារឃុំ នៅតាមគោលដៅចំនួន៥ នៅក្នុងចំណុចភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
លោក សុខ សុទ្ធាវុធ បានបញ្ជាក់ពីគោលបំណងនៃការយកអំណោយមកចែកជូនពេលនេះ គឺដើម្បីជួយឧបត្ថម្ភនិងលើកទឹកចិត្តដល់កងកម្លាំងសមត្ថកិច្ច អាជ្ញាធរដែនដីដែលខិតខំការពារគោលដៅនីមួយៗ កុំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងមូលដ្ឋានសហគមន៍របស់យើង។
លោក កែវ ចន្ទ័លី បានធ្វើការកោតសរសើរដល់កម្លាំងសមត្ថកិច្ចការពារគោលដៅ ទាំងអស់ដែលបានខិតខំលះបង់ពេលវេលាក្នុងការជួយទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មិនឲ្យចូលក្នុងមូលដ្ឋានរបស់ខ្លួន និងបានផ្ដាំផ្ញើដល់អាជ្ញាធរដែនដី និងកម្លាំងសមត្ថកិច្ចនៅទីនោះបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលគឺ ៣កុំ ៣ការពារ និង២ចូលរួម ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ-១៩បន្តទៀត។
លោក ភោគ វណ្ណថន មេឃុំក្រោលគោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់ក្រុមការងារចុះមូលដ្ឋានឃុំក្រោលគោ ដែលរយៈពេលកន្លងមក នឹងពេលនេះតែងតែផ្ដល់ការជួយឧបត្ថម្ភជាស្បៀងអាហារនិងថវិកាមួយចំនួន ដល់កម្លាំងសមត្ថកិច្ចនិងប្រជាការពារក្នុងឃុំ ជាបន្តបន្ទាប់ទោះតិចក្តីច្រើនក្តី តាមលទ្ធភាពជាក់ស្ដែង។
សូមបញ្ជាក់ផងដែរថា: អំណោយដែលបានផ្តល់ជូននៅពេលនេះរួមមាន:ទឹកសុទ្ធ ៨០យូរ, អង្ករ១០០គីឡូ, មី ១២កេះ, ត្រីខកំប៉ុង ៨យូរ, ម៉ាស់ ៤ប្រអប់, អាកុល ១២ដបតូច, និងថវិកា៨០ម៉ឺនរៀល។ ដោយឡែកសម្រាប់រដ្ឋបាលឃុំក្រោលគោ លោក កែវ ច័ន្ទលី បានផ្ដល់ជូននូវ អង្ករ ១០០គីឡូ ទឹកត្រី២យូរ, ទឹកស៊ីអ៊ីវ ២យូរ ផងដែរ៕ដោយ សាយ ហ្គន