ខេត្តប៉ៃលិន ៖ បុរសចំណាស់ពោះម៉ាយ និងស្រ្តីវ័យចំណាស់មេម៉ាយដែលរស់នៅក្នុងភូមិរថ ក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បាននាំគ្នាត្រេកអរយ៉ាងខ្លាំង កាលពីព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ខណ:ពេលដែលពួកគាត់កំពុងតែជួបនូវបញ្ហាខ្វះខាតស្បៀងអាហារ រកព្រឹកខ្វះល្ងាច ដោយសារតែវិបត្តិជំងឺកូវីដ១៩កំពុងផ្ទុះឡើងនៅតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញ បណ្តាល ឱ្យមនុស្សស្លាប់ជាបន្តបន្ទាប់ ។ លុះក្រោយពេលដែលអ្នកតំណាងរាស្ត្រ និងក្រុមយុវជនសភាពសហ ព័ន្ធយុវជនកម្ពុជា ចុះទៅផ្តល់ជូនដល់ពួកគាត់ ធ្វើឱ្យម្នាក់ៗ ត្រេកអរស្ទើរស្រក់ទឹកភ្នែក ហើយក៏ថ្លែង អំណរគុណដល់ក្រុមការងារឱ្យទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួលជោគជ័យគ្រប់ពេលវេលា ក្នុងការបំពេញការងារផងដែរ ។
ក្នុងឱកាសចុះសួរសុខទុក្ខ និងផ្តល់ស្បៀងជូនពលរដ្ឋខ្វះខាត ឯកឧត្តម សៅ សារ៉ាត់ អ្នកតំ ណាងរាស្ត្រមណ្ឌលប៉ៃលិន បានក្រើនរំលឹកដល់គ្រួសារនីមួយៗ ត្រូវយកចិត្តទុកដាក់ពីសុខភាពផ្ទាល់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-19 ចូលក្នុងសហគមន៍។ ឯកឧត្តមបន្តថា ៖ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន បានណែនាំឱ្យក្រុមការងារបន្តចុះផ្សព្វផ្សាយរាល់ថ្ងៃ នូវវិធានការនានា របស់រដ្ឋបាលខេត្ត និងវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ដោយណែនាំប្រជាពលរដ្ឋឱ្យពាក់ម៉ាស លាងដៃនឹងសាប៊ូ ឬជែល ទឹកអាល់កុល រក្សាគម្លាតសង្គម ដើម្បីទប់ស្កាត់ជំងឺនេះ ចូលក្នុងសហគមន៍ ។
សូមបញ្ជាក់ថា ស្បៀងអាហារ ដែលចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតចំនួន០២គ្រួសារខាង លើរួមមាន ៖ ទី១. គ្រួសារលោកតា ឌួង ទូច អាយុ៧៦ឆ្នាំ ទី២.គ្រួសារលោកយាយ ឈ្មោះ ទូច ម៉ក អាយុ៦៤ឆ្នាំ រស់នៅភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ អំណោយផ្ដល់ជូនគ្រួសារនីមួយៗ មាន ៖ អង្ករ២៥គីឡូក្រាម មី១កេស,ត្រី២ឡូត៍,ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ,អំបិល១គីឡូ,ស្ករស១គីឡូ ប៊ីចេង០.៥គីឡូ,សៀង២ដប,ទឹកសុទ្ធ៥យួរ រួមនិងថវិកាមួយគ្រួសារចំនួន២៥ម៉ឺនរៀល ៕ ដោយ ៖ នីយ៉ា