អភិបាលខេត្តព្រះវិហារ នាំយកអំណោយជាស្បៀងអាហាររបស់រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនសមាគមអតីតយុទ្ធជន និងស្រុកចំនួន៣ សម្រាប់បន្ដទៅចែកជូនប្រជាពលរដ្ឋដែលខ្វះខាតចាំបាច់ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩

ព្រះវិហារៈ អំណោយជាគ្រឿងឧបភោគ បរិភោគរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ ត្រូវបាននាំយក មកប្រគល់ជូនរដ្ឋបាលស្រុកសង្គមថ្មី ស្រុកគូលែន ស្រុកត្បែងមានជ័យ និងសមាគមអតីតយុទ្ធជន ដើម្បីបន្ដទៅចែកជូនដល់មុខសញ្ញាជាជនងាយរងគ្រោះតាមសហគមន៍ ជាគ្រួសារអតីយុទ្ធជន និងជនរងគ្រោះដោយធម្មជាតិ ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ សរុបចំនួន ១,២៣០គ្រួសារ។

ការផ្ដល់ជូននេះ ប្រព្រឹត្តិទៅនៅបរិវេណមន្ទីរសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត, ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ អភិបាលស្រុកទាំង៣ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ប្រាក់ សុវណ្ណ បានជម្រុញណែនាំដល់អ្នកពាក់ព័ន្ធក្នុងការ បន្ដចែកជូនអំណោយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុករបស់ខ្លួន ធ្វើយ៉ាងណាត្រូវជ្រើសរើសមុខសញ្ញាឱ្យបានចំគោលដៅពិតប្រាកដ និងចុះចែកដោយផ្ទាល់តាមខ្នងផ្ទះ ឬប្រមូលផ្ដុំជាក្រុម តូចៗ ដោយគោរពទៅតាមវិធានការរបស់ក្រសួងសុខាភិបាល។ សំដៅធានាបានការចែកអំណោយនេះពិតឆ្លើយតបបាននូវការខ្វះខាតពិតប្រាកដ មានតម្លាភាព និងមានអំណរសាទរនៅមូលដ្ឋាន។

ដោយឡែកជុំវិញការអនុវត្តសេចក្តីសំរេចរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ឯកឧត្តមប្រាក់ សុវណ្ណ ក៏បានមានប្រសាសន៍កោតសរសើរចំពោះមន្រ្តីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋក្នុងខេត្ត ដែលបានចូលរួមអនុវត្តគ្រប់គ្នាក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នាពេលកន្លងមក ពិសេសគឺអនុវត្តតាមការវិធានការណែនាំនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល នូវវិធានការ ៣កុំ និង៣ការពារ។ ទន្ទឹមនឹងការកោតសរសើរនេះដែរ អភិបាលខេត្តព្រះវិហារ ក៏បានជម្រុញបន្ថែមដល់អាជ្ញាធរភូមិ-ឃុំ ក៏ត្រូវតាមដានជាប់ជាប្រចាំបើមានករណីលួចឆ្លងចូលមកមូលដ្ឋានរបស់ខ្លួន ដោយត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់វិធានការផ្លូវច្បាប់ ឬបញ្ជូនពួកគាត់ធ្វើចត្តាឡីស័ក១៤ថ្ងៃជាបន្ទាន់។

គួរបញ្ជាក់ជូនថា ក្នុងឆ្នាំ២០២០កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគមករដ្ឋបាលខេត្តព្រះវិហារសរុបចំនួន ១,៣៨១គ្រួសារផងដែរ។ ដោយឡែកឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលក៏បានបន្ដផ្ដល់អំណោយជាស្បៀងអាហារមករដ្ឋបាលខេត្តព្រះវិហារ ចំនួន ១,២៣០គ្រួសារទៀត សម្រាប់ចែកជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋខ្វះខាតចាំបាច់ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលអំណោយទាំងនេះ រួមមានៈ អង្ករ, ត្រីខកំប៉ុង, មីខ្លាឃ្មុំ, ទឹកស៊ីអ៊ីវ, ទឹកត្រី, កន្ទេល និងក្រម៉ាជាដើម៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *