ឯកឧត្តម ងួន ញ៉ិល ចាត់តំណាងនាំយកស្បៀងអាហារ ប្រគល់ជូនស្រុកចំនួន៦ ក្នុងខេត្តកំពង់ធំ សម្រាប់ចែកបន្តដល់ពលរដ្ឋ

កំពង់ធំ៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា លោកជំទាវ លឹម ផល្លា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងលោក ងួន រាសី នាយកខុទ្ទកាល័យលោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ បាននាំស្បៀងអាហាររបស់លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាល ចុះមូលដ្ឋានខេត្តកំពង់ធំ ប្រគល់ជូនស្រុកចំនួន៦ ក្នុងខេត្តកំពង់ធំ សម្រាប់ចែកជូន និងផ្គត់ផ្គង់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតដែលកំពុងធ្វើចត្តាឡីស័ក ក្នុងកំឡុងពេលកូវីត១៩។

ជាមួយគ្នានេះដែរ លោកជំទាវ ឃួន ឃុនឌី បានផ្ដាំផ្ញើការសាកសួរសុខទុក្ខលោកបណ្ឌិតផ្ញើជូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកទាំង៦ ដែលកំពុងធ្វើចត្តាឡីស័ក ក្នុងខេត្តកំពង់ធំ ប្រកបដោយក្តីនឹករលឹក និងបានសំណូមពរដល់អាជ្ញាធរក៏ដូចជាអំពាវនាវប្រជាពលរដ្ឋទាំងអស់សូមមានការអត់ធ្មត់ និងគោរពតាមវិធានការ «៣កុំ ៣ការពារ» និងអនុវត្តន៍ឱ្យបានតាមសេចក្តីសម្រេចស្តីពី វិធានការដែលត្រូវអនុវត្តន៍ក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្ត្រ នានាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ ដ៏កាចសាហាវនេះ និងកាត់ផ្តាច់នៃការឆ្លងនៃព្រឹត្តិការណ៍ ២០ កុម្ភៈ ឱ្យឆាប់បានវិលទៅរកស្ថានភាពធម្មតាវិញ។

លោកជំទាវបន្តថា ក្នុងគ្រាដែលប្រទេសកម្ពុជាកំពុងរាលដាលដោយជំងឺកូវីដ១៩ ប្រមុខដឹកនាំរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំយកចិត្តទុកដាក់ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងបានគិតគូរអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតនៅក្នុងកំឡុងពេលជំងឺកូវីដ-១៩ រាលដាលនៅក្នុងសហគមន៍ព្រឹត្តិការណ៍ ២០ កុម្ភៈ នឹងផ្ដល់ប្រាក់ឧបត្ថម្ភជាបន្តបន្ទាប់ដល់គ្រួសារក្រីក្រផងដែរ។

លោកជំទាវ បន្តទៀតថា មិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែបន្តគោរពទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី ក្នុងការចូលរួមបង្ការទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងីកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ឱ្យបានខ្លាំងក្លាបន្តទៀត ត្រូវអប់រំពលរដ្ឋឱ្យពាក់ម៉ាស នៅគម្លាតគ្នា ព្រមទាំងធ្វើអនាម័យជាប្រចាំដោយលាងដៃជាមួយសាប៊ូ អាល់កុល ជែលនឹងរួមគ្នាកាត់ផ្ដាច់ឬសគល់នៃការចម្លងជំងឺកូវីដ-១៩ នៅខេត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។

លោកជំទាវ ឃួន ឃុនឌី ក៏បានជំរុញឱ្យអាជ្ញាធរសង្កាត់ត្រូវយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋដែលចំណាកស្រុកឬវិលត្រឡប់ពីរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តផ្សេងៗ ត្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅដាច់ដោយឡែក ពីក្រុមគ្រួសារ និងយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩ ដើម្បីធានាសុវត្ថិភាពដល់ខ្លួនឯងផង និងដល់ក្រុមគ្រួសារ សហគមន៍ និងបើមិនចាំបាច់កុំចេញក្រៅផ្ទះ។

បន្ថែមពីនេះលោកជំទាវ បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋក្នុងការដោះស្រាយសេវាសាធារណៈទាំងសេវាសំណូមពរ និងសេវាតម្រូវការឱ្យបានល្អប្រសើរ និងអនុវត្តគោនយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានរស់នៅដោយសុខដុមរមនា។

សម្រាប់ស្រុកទាំង៦ រួមមាន៖ ស្រុកស្ទោង ស្រុកកំពង់ស្វាយ ស្រុកប្រាសាទបល្ល័ង្ក ស្រុកសន្ទុក ស្រុកបារាយណ៍ និងស្រុកតាំងគោក ហើយអំណោយដែលទទួលបានរួមមាន៖ មី២០០កេស ត្រីខកំប៉ុង២០កេស អង្ករ១៥បាវ ម៉ាស៤០កេស ទឹកអាល់កុល៦០០លីត្រ និងទឹកសុទ្ធ ២,០០០យួរផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *