ខេត្តប៉ៃលិន៖មានប្រសាសន៍លើកឡើងក្នុងឱកាសអញ្ចើញពិនិត្យមើលការបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ របស់មន្រ្តីនៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន នៅក្នុងផ្សារប៉ាងរលឹម និងផ្សារអូរច្រាកណ្តាល នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិ ការក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍ ណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ សូមកុំភ្លេច អនុវត្តតាមវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល អោយបានជាប់ជានិច្ច ។ ទោះបីជាខេត្តប៉ៃលិន មិនមានករណីឆ្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍ក៏ដោយ តែត្រូវអនុវត្តវិធានការរឹតបន្តឹងសុវត្ថិភាព អនាម័យសុខភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តមលើកឡើងថា ៖ «សូមកុំភ្លេចថា បើបុគ្គលម្នាក់ៗ មិនបានអនុវត្តវិធានការ ៣ការពារ និង ៣កុំ ត្រឹមត្រូវទេនោះ ការចម្លងនៅតែមាន ហើយខ្សែចម្លងរិតតែអូសបន្លាយឆ្ងាយទៅៗ រហូតដល់ថ្ងៃណាមួយនឹងហួសពីសមត្ថភាពយើងហើយ ។ នៅឥណ្ឌា យើងឃើញស្រាប់ហើយ យើងក៏មិនចង់ជួបព្រឹត្តិការណ៍បែបនោះដែរ ។ ដូច្នេះ យើងត្រូវតែរួមគ្នាឆ្លងកាត់ការលំបាកពេលនេះឱ្យបាន ហើយគ្មានអ្វីដែលអាចការពារខ្លួនយើងបានក្រៅតែពី (៣ការពារ ៣កុំ ចាក់វ៉ាក់សាំង នៅផ្ទះ) ប្រសិនបើមិនមានការចាំបាច់នោះទេ សូមព្យាយាមកុំចេញក្រៅផ្ទះ)»។
ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានជំរុញដល់មន្រ្តីជំនាញត្រូវយកចិត្តទុកដាក់ ពង្រឹងបន្ថែមនៃការផ្សព្វផ្សាយអប់រំជូនដល់ប្រជាពលរដ្ឋ ដើម្បីក្រើនរំលឹកដាស់តឿនកុំអោយភ្លេច (ពាក់ម៉ាស លាងដៃ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១.៥ម៉ែត្រឡើង) ៕ ដោយ ៖ នីយ៉ា