លោកជំទាវ អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារ ចុះពិនិត្យព្រំប្រទល់ខេត្តប៉ៃលិន បាត់ដំបង ដើម្បីពង្រឹង និង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីក្រោមឱវាទ មកពីមន្ទីរជុំវិញខេត្ត ចុះល្បាត និងពិនិត្យនៅតាមគោលដៅព្រំប្រទល់ច្រកចេញចូល រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង (ស្រុកសាលាក្រៅខេត្តប៉ៃលិន ជាប់នឹងស្រុកកំរៀង ក្រុងប៉ៃលិនជាប់នឹងស្រុករតនមណ្ឌល) ។

ក្នុងការដឹកនាំក្រុមការងារបន្តចុះពិនិត្យនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានរៀបចំ ចាត់ចែងឱ្យកងកម្លាំងទាំងបីប្រភេទ បន្តដាក់ប៉ុស្តិ៍ចាំយាម ត្រួតពិនិត្យសុខភាពប្រជាពល រដ្ឋទាំងអស់ ដើម្បីរឹតបន្តឹងយន្តការ ទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ~១៩ ដ៏កាចសាហាវ កុំឱ្យមានចូលមកក្នុងសហគមន៍ខេត្តប៉ៃលិនបានឡើយ ។

ជាមួយគ្នានេះដែរ លោកជំទាវអភិបាលខេត្ត ក៏បានធ្វើការផ្សព្វផ្សាយនូវវិធានការនានា ស្របតាមប្រសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (៣កុំ ៣ការពារ) និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយធ្វើយ៉ាងណា ត្រូវឱ្យប្រជាពលរដ្ឋពាក់ម៉ាស លាងដៃនឹងទឹកអាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាព ឱ្យបាន១.៥ម៉ែត្រ ។

លើសពីនេះ ទោះបីជាខេត្តនានា ដូចជា ខេត្តកណ្តាល ព្រះសីហនុ តាកែវ សៀមរាប បន្ទាយមានជ័យ កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែងជាដើម រួមជាមួយរាជធានីភ្នំពេញ កំពុងឆ្លងជំងឺកូវីដ ១៩ តែខេត្តប៉ៃលិន មិនទាន់មានករណីនេះនៅឡើយទេ ដោយសារតែអាជ្ញាធរខេត្ត បានក្តាប់ណែននូវវិធានការការពារ ព្រមទាំងត្រៀមខ្លួនជាប់ជានិច្ច ។

ចំណែកប្រជាពលរដ្ឋសប្បាយរីករាយ ក្នុងការប្រកបមុខរបរតាមធម្មតា មិនមានការព្រួយបារម្ភអ្វីនោះឡើយ គ្រាន់តែម្នាក់ៗ ប្រុងប្រយ័ត្ន ដោយធ្វើតាមការណែនាំ របស់អាជ្ញាធរខេត្ត ដើម្បីកុំឱ្យជំងឺមួយនេះ ឆ្លងចូលក្នុងសហគមន៍ខេត្តប៉ៃលិន ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *