ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលថវិកាចំនួន៦,០០០ដុល្លា ពីសប្បុរសជនតក្នុងការងារទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ១៩

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃសៅ៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ  ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលថវិកាចំនួន៦,០០០ដុល្លា (ប្រាំមួយពាន់ដុល្លា) ពីលោកស្រី ឆោម និមល និងលោក ម៉ៅ ឡូយ តំណាងឲ្យលោកស្រី ប្រាក់ លីណា ព្រមទាំងក្រុមគ្រួសារនិងក្រុមបាល់ទាត់វេសឃ្លីន  ឧបត្ថម្ភដល់រដ្ឋបាលខេត្តក្នុងការងារទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ១៩ ។

ឯកឧត្ដមអភិបាលខេត្តបានមានប្រសាសន៍ថា ក្នុងកំឡុងពេល  នៃការរីករាលជំងឺកូវីដ១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមកដល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តស្វាយរៀងបាន និងកំពុងបន្តការខិតខំយកចិត្តទុកដាក់ជាមួយរាជរដ្ឋាភិបាលក្នុងការចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលនៃជំងឺនេះយ៉ាងសកម្ម ជាពិសេសរដ្ឋបាលខេត្តបានបង្កើតនូវគណៈកម្មការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩  ព្រមទាំងបង្កើតនូវក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ក្នុងខេត្ត ដើម្បីមានវិធានការក្នុងការទប់ស្កាត់ការឆ្លងឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ។

ឯកឧត្តមបញ្ជាក់ថា  ថ្វីត្បិតតែខេត្តស្វាយរៀងបច្ចុប្បន្ន ក្រោយមានវិធានការកាត់ផ្តាច់ការចម្លងក៏ពិតមែន ក្នុងនាមប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ខេត្ត និងនៅតែបន្តការខិតខំដាក់ចេញនូវទិសដៅសំខាន់ៗ ដើម្បីទប់ស្កាត់ការចម្លង និងដើម្បីសុខមាលភាពប្រជាជនខេត្តខេត្តស្វាយរៀងជៀសឆ្ងាយពីការឆ្លងពីជំងឺដ៏កាចសាហាវមួយនេះ។

ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងនូវការអរគុណចំពោះលោកស្រី ប្រាក់ លីណា ព្រមទាំងក្រុមគ្រួសារ  និងក្រុមបាល់ទាត់វេសឃ្លីន បានចូលរួមបរិច្ចាគនូវថវិកាជូនដល់រដ្ឋបាលខេត្ត ដែលនេះសបញ្ជាក់ឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងកាលៈទេសៈនាពេលបច្ចុប្បន្ននេះ។

ឯកឧត្តមអភិបាលខេត្តបន្តថា ថវិកាដែលរដ្ឋបាលខេត្តទទួលបាននៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់អោយចំទិសដៅក្នុងសកម្មភាពយុទ្ធនាការផ្សព្វផ្សាយ និងបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩  ក្នុងខេត្តស្វាយរៀង។ដោយ សាយ ហ្គន

You might like

Leave a Reply

Your email address will not be published. Required fields are marked *