ខេត្តកំពង់ឆ្នាំង :តាមពត៌មាន ជាបឋម បានឲ្យដឹងថា លោក វ៉ន ស៊ីផា អភិបាល ស្រុកសាមគ្គីមានជ័យ បានយកកាំភ្លើងបាញ់សត្វគោប្រជាពលរដ្ឋ បណ្តាលឱ្យងាប់១ក្បាល នៅមុខសាលាស្រុក ដោយសារតែខឹងគោ ចូលស៊ីស្មៅក្នុងសាលាស្រុក ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 3 រសៀលថ្ងៃទី 30 ខែមេសា ឆ្នាំ 2021 ។តែទោះយ៉ាងណា អភិបាលស្រុក សាមគ្គីមានជ័យ បានបដិសេធ ភ្លាមៗទៅនឹងព័ត៌មានខាងលើនេះ ដោយលោកបញ្ជាក់ថា កំពុងតែឲ្យសមត្ថកិច្ចនគរបាលស្រាវជ្រាវ លោកមិនពាក់ព័ន្ធក្នុងរឿងនេះទេ ។
ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះលោក វន ស៊ីផា ស្រុកសាមគ្គីមានជ័យបានប្រាប់ អោយដឹងនៅល្ងាចនេះថា ជារឿងមិនពិតទេ ដែលបណ្ដាញសង្គមនិងគេហទំព័រមួយចំនួន បានចោទប្រកាន់ តាមពិត លោកមិនបានបាញ់សត្វគោប្រជាពលរដ្ឋឱ្យងាប់ឡើយ ហើយពេលនេះលោក កំពុងឲ្យសមត្ថកិច្ចស៊ើបអង្កេតហើយ ។
ជាមួយគ្នានេះលោក សេង ចិន្តា អធិការនគរបាល ស្រុកសាមគ្គីមានជ័យ ក៏បានអោយដឹងដែរថា ពិតជាមានគោមួយក្បាលងាប់ នៅមុខសាលាស្រុកពិតមែន គឺដោយសារតែ លោកអភិបាលស្រុក គប់នឹងដុំថ្ម គឺមិនបានបាញ់ដោយកាំភ្លើងឡើយ ហើយពេលនេះ លោក អភិបាលស្រុក បានសម្របសម្រួលជាមួយម្ចាស់ គោរួចហើយ ដោយ ម្ចាស់គោក៏ព្រមទទួលយកសំណងជាប្រាក់ចំនួន 4 លានរៀលដែរដើម្បីបញ្ចប់រឿង ។
ទោះយ៉ាងណា ការផ្ដល់ព័ត៌មាន របស់លោកអភិបាលស្រុក និងលោកអធិការស្រុកសាមគ្គីមានជ័យ ដែលបញ្ជាក់ថាបានគប់នឹងដុំថ្ម នោះត្រូវបានអ្នកវិភាគលើកឡើងថា មានតែសមត្ថកិច្ចនគរបាល បច្ចេកទេសទេ ដែលអាចបញ្ជាក់ថាតើគោងាប់នឹងដុំថ្ម ឬដោយសារគ្រាប់កាំភ្លើង៕ដោយ លោកស្រី សាន ផល្លា