ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបង្ក្រាបករណី ជួញដូរគ្រឿងញៀននិងរឹបអូស បានជាង ១១គីឡូក្រាម ខណៈដែលជនសង្ស័យដឹងខ្លួនបានរត់គេចចូលក្នុងទឹកដីវៀតណាម ក្រោមការតាមស្រាវជ្រាវចាប់ខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់។
សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះថា ថ្នាំញៀន ជាង១១គីឡូក្រាម ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅចំណុចចន្លោះបង្គោលលេខ១៦៩-១៧០ ស្ថិតក្នុងភូមិ តាប៉ិប សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង ក្នុងបទល្មើសជួញដូរគ្រឿងញៀន ឆ្លងដែន ចំណែកឯសង្ស័យដឹងខ្លួន បានរត់គេចខ្លួនចូលទៅក្នុងទឹកដីប្រទេសវៀតណាម បាត់សមត្ថ កិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន។ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត, កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនធ្លក វរសេនាតូចលេខ៦១១ សហការជាមួយកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត កម្លាំងអធិការដ្ឋាននគរបាល ក្រុងបាវិត ក្រោមការសម្របសម្រួលផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញា និងលោក ស៊ន មុន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណី ជួញដូរគ្រឿងញៀនឆ្លងដែន១ករណីនេះ និងរឹបអូសបានគ្រឿងញៀន ជាង១១គីឡូក្រាម។ សមត្ថកិច្ចបានបន្តថា ជាលទ្ធផលសមត្ថកិច្ចយើងបាន រឹបអូសវត្ថុតាងរួមមាន៖ *ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៨,៥០០.០៨គីឡូក្រាម
*ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ីទម្ងន់ ១,២៥៦.០៣kg
*ថ្នាំញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់ ១,០៣៦.០៨kg
*ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ៩៥៨.៣៦g
*សារធាតុសង្សយ័ជាថ្នាំញៀនដបទឹកពណ៌សចំនួន១០ដប
*កាបូបស្ពាយពណ៌ខ្មៅ (ដាក់ថ្នាំញៀន០២) ដោយសរុបសារធាតុញៀនចាប់យកទម្ងន់ ១១,៧៣៦.៨៥kg៕