ខេត្តប៉ៃលិន ៖ កសិករមួយគ្រួសារ បន្តប្រមូលផល ផ្លែស្វាយកែវរមៀតលើកទី៧ នៅក្នុងឆ្នាំ២០២១នេះ ក្នុងដីចំការចំនួន៩ហិកតារបស់ខ្លួន ដែលមានដើមស្វាយប្រមាណ១៥០០ដើម ខណ:ការប្រមូលផលមួយលើកៗ តម្លៃទីផ្សារធ្លាក់ចុះ ដោយសារតែបញ្ហាជំងឺកូវីដ-១៩ កំពុងវាយលុកនៅក្នុងពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ។ តែទោះបីជាយ៉ាងណា ក៏ពួកគាត់មិនបោះបង់ការបញ្ចេញផ្លែស្វាយកែវរមៀតនៅក្នុងចំការរបស់ខ្លួននោះឡើយ ព្រោះទោះឡើង ឬធ្លាក់ចុះតម្លៃ ក៏ពួកគាត់អាចប្រមូលផល សម្រាប់យកមកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងសងជំពាក់បំណុលគេ ។
បើតាមការរៀបរាប់ពីស្រ្តីម្នាក់ ឈ្មោះ ជ័យ ភឿន អាយុ៥៤ឆ្នាំ រស់នៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានប្រាប់ឱ្យភ្នាក់ងារសារព័ត៌មានយើង ដឹងកាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះថា ៖ គាត់ដាំដំណាំស្វាយកែវរមៀតនេះ ចំនួន១៥០០ដើម អស់រយ:ពេលជាង៣ឆ្នាំមកហើយ រហូតមកដល់ដើមឆ្នាំ២០២១នេះ ទើបតែទទួលផលជាលើកដំបូង ដោយដើមស្វាយរបស់គាត់ ចាប់ផ្តើមបញ្ចេញផ្កាផ្លែ បេះលក់ឱ្យឈ្មួញ រហូតមកដល់ពេលនេះ អស់រយ:ពេល៧លើកមកហើយ ដោយប្រមូលផលលើកទី១. បេះបានជាង៣តោន លើកទី២. បេះបានចំនួន៥តោន និងប្រមូលផល ជាបន្តបន្ទាប់បានប្រហាក់ប្រហែលគ្នា សរុបទៅគឺគាត់បេះផ្លែស្វាយនៅក្នុងចំការដដែល នេះបានចំនួនជិត១០លើកដែរ ព្រោះដើមស្វាយរបស់គាត់ផ្លែបណ្តាក់គ្នា ពោលគឺផ្លែណាធំមុនគេ គាត់បេះលក់មុនតែម្តង ។ ម្យ៉ាងវិញទៀត គាត់មិនចង់ឱ្យដើមស្វាយបាក់មែក ព្រោះស្វាយ១ដើមៗ ផ្លែច្រើន ទើបបេះផ្លែដែលធំៗ លក់មុនគេ និងស្វាយផ្លែនៅតូចបេះលក់បន្តបន្ទាប់ ។ គាត់បន្តទៀតថា ចាប់តាំងពីប្រមូលផល ផ្លែស្វាយនៅក្នុងចំការរបស់ខ្លួន គឺផ្លែស្វាយ មានការធ្លាក់ចុះជាបន្តបន្ទាប់ ដោយមុនដំបូងឈ្មួញទិញរហូតដល់១គីឡូក្រាម តម្លៃ២០០០រៀល ក្រោយមកធ្លាក់ថ្លៃនៅត្រឹម១គីឡូក្រាម តម្លៃ១០០០រៀល ក៏ធ្លាក់ថ្លៃរហូតមកដល់ពេលនេះ ត្រឹមតែ១គីឡូក្រាម២០០ទៅ៣០០រៀលប៉ុណ្ណោះ ។
គាត់ក៏មិនហ៊ានថាអ្វីនោះដែរ ព្រោះបច្ចុប្បន្ន ពិភពលោកក៏ដូចជាប្រទេសកម្ពុជា កំពុងទទួល រងនូវវិបត្តិជំងឺកូវីដ-១៩ កំពុងឆ្លងរីករាលដាល បណ្តាលឱ្យស្លាប់ជារៀងរាល់ថ្ងៃ ទើបធ្វើឱ្យតម្លៃទីផ្សារកសិផលផ្សេងៗជាច្រើន មានការធ្លាក់ចុះយ៉ាងគំហុកបែបនេះ ព្រោះមិនអាចនាំចេញទៅលក់ដូរនៅ ក្រៅប្រទេសបានស្រួលដូចពីមុននោះទេ ។ តែគាត់ក៏សំណូមពរឱ្យខាងមន្ទីរកសិកម្មខេត្តប៉ៃលិន ចុះជួយពន្យល់ពីរបៀបថែទាំដើមស្វាយ និងផ្លែ ព្រមទាំងជួយរកទីផ្សារក្នុងស្រុក ដើម្បីទទួលបានតម្លៃខ្ពស់ផងដែរ ៕ ដោយ ៖ នីយ៉ា