កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាព្រឹក ថ្ងៃ ទី ២៩ ខែមេសា ឆ្នាំ ២០២១ នេះ បាន ដឹកនាំកិច្ចប្រជុំបន្ទាន់ ពាក់ព័ន្ធនឹង ករណី ផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដើម្បីដាក់ចេញនូវវិធានការ ទៅដល់អាជ្ញាធរ ពាក់ព័ន្ធ និងប្រជាពលរដ្ឋ បើកយុទ្ធនាការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏ កាច សាហាវ នេះ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរសុខាភិបាល លោកនាយករដ្ឋបាល និង លោកអភិបាលក្រុង-ស្រុក ពាក់ព័ន្ធផងដែរ ។
ជាមួយគ្នា នោះ នា ព្រឹក ថ្ងៃ ទី ២៩ ខែមេសា ឆ្នាំ ២០២១ នេះដែរ រដ្ឋបាលខេត្តកំពង់ចាម ក៏ បាន សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៩នាក់ ក្នុងនោះ កម្មករ-កម្មការីនី ចំនួន៣៨នាក់ ធ្វើការនៅរោងចក្រ(ស៊ិកផ្លើស) ស្រុកមុខកំពូល ខេត្តកណ្តាល និងរោងចក្រ (៧អិនជី) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងកុមារី អាយុ០៤ឆ្នាំ ចំនួន០១នាក់ដែលឆ្លងពីម្តាយវិជ្ជមានកូវីដ-១៩ ។
សេចក្តី ប្រកាស នោះ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋដែល រស់នៅក្នុងឃុំកងតាណឹង ឃុំព្រែកកុយ ឃុំស្តៅ និងឃុំរកាអារ ស្រុកកងមាស , ឃុំប្រាំយ៉ាម ឃុំមានជ័យ ឃុំព្រែករំដេង និងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ, ឃុំសំបូរ ឃុំតាំងក្រាំង និងឃុំជាលា ស្រុកបាធាយ អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ លើកម្មករ-កម្មការីនីចំនួន ៣៨នាក់ រស់នៅស្រុកកងមាស ២៤នាក់ ស្រុកបាធាយ ០៦នាក់ ស្រុកស្រីសន្ធរ០៨នាក់ និងកុមារីអាយុ០៤ឆ្នាំ ចំនួន០១នាក់ ដែលបានឆ្លងពី ម្តាយជាអ្នក វិជ្ជមាន កូវីដ-១៩ ផងដែរ ៕